(ឧត្តរមានជ័យ)៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្ដរមានជ័យ បានប្រារព្ធកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែឧសភា និងដាក់ចេញទិសដៅសកម្មភាព ខែមិថុនា ក្រោមអធិបតីភាព លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
តាមរបាយការណ៍បូកសរុប ដែលអានដោយលោក ប៉ែន កុសល្យ អភិបាល ខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ក្នុងខែកន្លងមកមូលដ្ឋានមួយចំនួនរបស់ខេត្ត បានទទួលរងខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះ សម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជិតពីររយខ្នង ប៉ុន្ដែក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ និងមានការចូលរួមពីសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរួមគ្នាជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា។
ពាក់ព័ន្ធករណីនេះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានកោតសសើរយ៉ាងខ្លាំងពីស្មារតីទទួលខុសត្រូវ និងចេះសហការគ្នារវាងក្រុមការងារ ជាមួយអាជ្ញាធរដែនដី និងសាខាកាកបាទក្រហមខេត្ត ដែលបានជួយប្រជាជនរងគ្រោះ និងជួបការលំបាកបានទាន់ពេលវេលា និងសុំឲ្យក្រុមការងារយើង បន្តធ្វើការងារនេះជាបន្តទៀត។
ជាមួយគ្នានេះ លោកក៏បានណែនាំឲ្យក្រុមការងារ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗដូចខាងក្រោម៖
*ទី១៖ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយខិតខំទប់ស្កាត់ បង្ក្រាបបទល្មើសនាៗ ក្នុងនោះការបង្ក្រាបគ្រឿងញៀនជាអាទិ៍ភាព។
*ទី២៖ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មី ឲ្យដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនឲ្យបានយល់ច្បាស់ និងបកស្រាយទាន់ពេលវេលា រាល់ការឃោសនារបស់ពួកប្រឆាំង។
*ទី៣៖មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាព មន្ទីរ ស្ថាប័ន ត្រូវធ្វើការកែលម្អររាល់ចំណុចខ្វះខាតរបស់ខ្លួន លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារយកចិត្តទុកដាក់បម្រើសេវាសាធារណៈ
*ទី៤៖ក្រុមការងារត្រូវបន្តចុះមូលដ្ឋាន ខិតខំបើកវេទិការសាធារណៈ ដើម្បីក្តាប់បានពីបញ្ហាប្រឈម និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងចាត់តាំងដោះស្រាយទាន់ពេលវេលា និងបន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់កន្លងមក។
*ទី៥៖ក្រុមការងារត្រូវសហការជាមួយ អាជ្ញាធរដែនដី ត្រៀមមធ្យោបាយ សម្ភារដើម្បីសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ៕