(ស្ទឹងត្រែង)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យពីវឌ្ឍនភាព នៃគម្រោងដាំឈើឧស្សាហកម្ម ភាពជាដៃគូប្រភេទឈើ អ៊ុយកាលីបទុស (EUCALYPTUS) របស់ក្រុមហ៊ុនខាងលើនេះ ដែលមានទីតាំងនីស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងដាំឈើ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៧ ក្នុងភាពជាដៃគូដាំឈើ ក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសៀម ប៉ាង លើផ្ទៃដី ២៦,៩៩០ហិកតា។ បច្ចុប្បន្នក្រុមហ៊ុន សម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជាសាង សង់រចនាសម្ព័ន្ធផ្លូវ អគាររដ្ឋបាល អគារស្នាក់នៅ ប្រព័ន្ធស្រោចស្រព ថ្នាលពិសោធន៍ និងថ្នាលបណ្តុះកូនឈើ។
ក្រុមហ៊ុន បានយកកូនឈើប្រេងខ្យល់៦ពូជ ចំនួន៣០០ពាន់ដើម ពីប្រទេសចិន និងកំពុងធ្វើការបណ្តុះ ចំនួន១លានដើមទៀត ដើម្បីដាំសាកល្បង។ លទ្ធផលបានបង្ហាញថា ក្នុងចំណោមពូជទាំង៦ មាន២ពូជ គឺពូជ G9 និង G26 មានការលូតលាស់បានល្អ កម្ពស់ជាង២ម៉ែត្រ តែក្នុងរយៈពេល៦ខែប៉ុណ្ណោះ។
ហេតុផលនេះ ក្រុមហ៊ុនបានសម្រេចបញ្ជាទិញ ពូជទាំង២ប្រភេទនេះ ចំនួន៣លានដើម យកមកដាំលើផ្ទៃដី ដែលបានឈួសឆាយរួច សរុបចំនួន៩០០ហិកតា ក្នុងឆ្នាំ២០១៩នេះ។
ពិនិត្យឃើញលទ្ធផលជាក់ស្តែង លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការណែនាំ ដល់ក្រុមហ៊ុនខិតខំអនុវត្ត ឲ្យបានតាមកិច្ចព្រមព្រៀងជាមួយក្រសួង ជាពិសេសព្យាយាមអនុវត្ត ឲ្យបានខ្ជាប់ខ្ជូននូវផែនការដាំដុះ របស់ក្រុមហ៊ុន។
ទន្ទឹមនឹងនេះ ត្រូវបន្តផ្តល់កិច្ចសហការឲ្យបានល្អ ជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ប្រយោជន៍ ដើម្បីបន្តពង្រឹង និងពង្រីកការអភិវឌ្ឍដីនេះ ឲ្យមានប្រសិទ្ធភាព។ មួយវិញទៀត ក្រុមហ៊ុនគួរពិនិត្យពិចារណា ផ្តល់ការងារជូនប្រជាជនក្នុងស្រុក ឲ្យបានច្រើនតាមអាចធ្វើទៅបាន ដើម្បីឲ្យពួកគេមានការងារធ្វើ មានចំណូល និងកាត់បន្ថយចំណាកស្រុក៕