(ភ្នំពេញ)៖ ប្រុស-ស្រី២នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង មកដល់ផ្លូវកោងបើករថយន្តក្នុងល្បឿនយ៉ាងលឿន មិនប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្ដាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖៥០នាទីទាបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះសីហនុ ចំណុចស្តុបផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក CAMRY LE07 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AE-6117 ជិះគ្នាពីរនាក់ (ប្រុសម្នាក់ស្រីម្នាក់) បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្ថានភាពផ្លូវកោង ហើយរថយន្តបើកក្នុងល្បឿនយ៉ាងលឿន បួងចង្កូតរថយន្តមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មពុះ ចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឱ្យខ្ទាតរបាំងថ្មអស់មួយផ្ទាំង រីឯរថយន្តវិញរថយន្តការខូចខាតខ្ទេច មួយកំណាត់មុខដាច់កង់ម្ខាងទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុហើយភ្លាមៗ នោះគេឃើញអ្នកបើកបរ និងអ្នករួមដំណើររងរបួសបែកមុខបែកមាត់ហូរឈាមស្រោចមុខត្រូវ បានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង ដើម្បីយករថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕