(ភ្នំពេញ)៖ សមាជិក សមាជិការាប់រយនាក់របស់គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី បានដង្ហែរជាក្បួនដើម្បីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិប្បតេយ្យភាពលោក អូស្មាន ហាស្សាន់ ក្រុមការងារចុះជួយខណ្ឌ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ។
នាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ ក្រុមការងារចុះជួយខណ្ឌ លោក អូស្មាន ហាស្សាន់ បានចូលរួមមតិថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ដោយមានការប្តេជ្ញាចិត្តរួមគ្នាបំពេញតួនាទីជាអ្នកផ្តលសេវាសាធារណៈនានា ទាំងសេវាសន្តិសុខ និងសេវារដ្ឋបាល ខិតខំជំរុញការស្តា និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំដៅរួមចំណែកអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ លោក ជា ពិសី បានលើកឡើងថា ស្ថិតក្រោមវត្តមានដ៏អធិកអធមរបស់សមាជិក-សមាជិការគណបក្សខណ្ឌ គ្រប់ជាន់ថ្នាក់ទាំងអស់ នាពេលនេះ គឺបានបង្ហាញឲ្យឃើញពីឆន្ទៈ និងកាន់តែជឿជាក់យ៉ាងខ្លាំងលើអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ខាងមុខនេះ ប្រាកដជាទទួលបានជោគជ័យតាមការកំណត់របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាមិនខានឡើយ។
សូមបញ្ជាក់ថា សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត មានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើង តាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប. ក៍បានបញ្ជាក់ឲ្យដឹងផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា៕