(ភ្នំពេញ)៖ ខិត្តប័ណ្ណ៥ម៉ឺនសន្លឹក ដែលអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នឹងត្រូវចែកចាយបន្តដល់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីយកទៅចែកចាយបន្តជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា។
ការប្រគល់ខិត្តប័ណ្ណនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ រវាងលោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី។
ខិត្តប័ណ្ណផ្សព្វផ្សាយទាំង៥ម៉ឺនសន្លឹកនេះ បានរំលេចនូវពាក្យស្លោ «យើងរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន» ដែលនេះជាពាក្យស្លោកដាស់តឿនអប់រំដល់ប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា។ ការប្រើប្រាស់គ្រឿងញៀនបង្ក ឱ្យមានផលប៉ះពាល់ដល់សុខភាព ផ្លូវកាយ ចិត្ត និងធ្វើឱ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងសង្គមជាតិ។
លោក សុខ វឿន បានថ្លែងថា ការផ្តល់នូវប័ណ្ណព័ត៌មានពីបញ្ហាគ្រឿងញៀននាពេលនេះ គឺដើម្បីចូលរួមការងារជួយសង្គមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកបានបន្ថែមថាលោកលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋ សហការគ្នាជួយដោះស្រាយបញ្ហាគ្រឿងញៀន និងលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា។
បន្ថែមពីនេះលោក លឹម តុងហួត បានបន្តថា ទាក់ទងនឹងខិត្តប័ណ្ណផ្សព្វផ្សាយទាំង៥ម៉ឺនសន្លឹកនេះ អគ្គលេខាធិការដ្ឋាននឹងបន្តចែកចាយដល់ក្រសួង ស្ថាប័ន អង្គភាពដែលជាសមាជិករបស់អាជ្ញាធរ ព្រមទាំងគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយនៅតាមវេទិកាសាធារណៈនានា ក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកចូលរួមបានយល់ដឹងពីបញ្ហាគ្រឿងញៀនផងដែរ។
សម្រាប់ការចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននេះ ខាងអាជ្ញាធរនឹងបន្តចែកចាយបន្ថែមទៀត ទៅតាមការស្នើសុំរបស់បណ្តាក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅផ្សព្វផ្សាយ ដើម្បីជាប្រយោជន៍រួមរបស់ជាតិផងដែរ។ ជាមួយគ្នានេះលោក បានបបន្ថែមថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពស្មុគ្រស្មាញដែលទាមទារឱ្យមានការចូលរួមពហុវិស័យ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចដែល អិលអូអិលស៊ី បាននិងកំពុងធ្វើសហការគ្នានេះ។
លោក លឹម តុងហួត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ដែលតែងតែជួយដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។
សូមបញ្ជាក់ថានេះជាលើកទី៥ហើយ ដែលអិលអូអិលស៊ី ប្រគល់ជូនអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវប័ណ្ណព័ត៌មានផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការបន្តចូលរួមលុបបំបាត់គ្រឿងញៀន នៅកម្ពុជា។ អិលអូអិលស៊ី គាំទ្រយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយ៉ាងពេញទំហឹងដែលមានស្រាប់ ដើម្បីចូលរូមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕