(កណ្តាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ បានចុះដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះធំ សមាជិកគណៈកម្មាធិការគណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាស្រុក និងអង្គបោះឆ្នោតគណបក្សប្រជាជនកម្ពុជាសរុបប្រមាណ ១៧៦រូប។
នៅចំពោះមុខអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំក្នុងស្រុកកោះធំ លោក ស៊ុន ចាន់ថុល បានអំពាវនាវសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ចេញទៅបោះឆ្នោតឱ្យគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ និងបោះឆ្នោតជូនបេក្ខភាពក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនបេក្ខភាពក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា ជាការបង្ហាញថា «ខ្មែររួបរួមគ្នាក្រោមកម្លាំងមហាសាមគ្គីផ្ទៃក្នុងរឹងមាំ»។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានអំពាវនាវឱ្យអង្គបោះឆ្នោតកុំជឿតាមការញុះញង់ពីសំណាក់ពួកជនអគិត ដែលតែងតែបំភិតបំភ័យ និងភូតភរ គ្រប់រូបភាព គ្មានសីលធម៌។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោក បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យមានសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ រក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៧% ដែលជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន ប្រែក្លាយពីផ្លូវដីទៅផ្លូវកៅស៊ូ និងផ្លូវបេតុង មានទីផ្សារលក់ផលិតផល មានភ្ញៀវទេសចរ មានវិនិយោគិនបង្កើតការងារធ្វើជូនប្រជាជន និងប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែងប្រកបដោយសន្តិសុខ និងសុវត្ថិភាព។
លោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នមានតួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជានោះ ក៏បានបង្ហាញពីសមិទ្ធផលការងារថ្មីៗរបស់ក្រសួងសម្រេចបានមួយចំនួនផងដែរ។ សមិទ្ធផលថ្មីៗទាំងនោះ មានដូចជាការរៀបចំអនុក្រឹត្យថ្មីស្តីពីការផ្ទេរកម្មសិទ្ធិយានយន្តដោយអនុញ្ញាតឱ្យម្ចាស់យានយន្តរក្សាទុកលេខចាស់ដើម្បីបំពាក់យានយន្តថ្មីរបស់ខ្លួន, ការតភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព ងាយស្រួលនិងឆាប់រហ័ស និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរាយការណ៍អំពីជង្ហុកសំបុកមាន់ និងផ្លូវខូចដើម្បីក្រុមការងារក្រសួងអាចចុះទៅជួសជុលបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានប្តេជ្ញាបម្រើប្រជាពលរដ្ឋទ្វេដងមិនឱ្យប្រជាពលរដ្ឋខកចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាស្រុកកោះធំឱ្យកាន់តែមានការរីកចម្រើនថែមទៀត ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៕