(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពិភាក្សាលើអនុស្សរណៈស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រក្នុងការពង្រឹង និងពង្រីកភាពជាដៃគូរសម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសរបស់ JICA។
JICA បានបញ្ជាក់ថា នាថ្ងៃទី២៤ ខែឧសភា លោក Shigenori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ច និងពិភាក្សាលើកិច្ចសហប្រតិបត្តិការ នាពេលអនាគត ជាមួយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ភាគីទាំងពីរ បានឯកភាពគ្នាលើចំនុចមួយចំនួន ដូចខាងក្រោម ហើយអនុស្សរណៈនេះនឹងត្រូវចុះហត្ថលេខានៅខែមិថុនាខាងមុខ។
១៖ JICA នឹងបន្តគាំទ្រដល់កំពង់ផែស្វយ័តក្រុងព្រះស៊ីហនុ ក្នុងការអភិវឌ្ឍកំពង់ផែ និងការពង្រឹងសមត្ថភាពតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង កិច្ចសហប្រតិបត្តិការបច្ចេកទេស និងកម្ចីហិរញ្ញប្បទាន។
២៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងបន្តពង្រឹងប្រតិបត្តិការ និងការគ្រប់គ្រងកំពង់ផែនិងតំបន់សេដ្ឋកិច្ច
ពិសេស។
៣៖ JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងបន្តផ្លាស់ប្តូរទស្សនៈវិស័យ និងព័ត៌មាននានា ទាក់ទងទៅនឹងការអភិវឌ្ឍកំពង់ផែ និងការរីកចម្រើនផ្នែកភស្តុភាកម្ម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
តំបន់តាមមាត់សមុទ្រត្រូវបានអភិវឌ្ឍជាលំដាប់ និងក្លាយទៅជាតំបន់ឧស្សាហកម្ម ដែលបាននាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចប្រទេសកម្ពុជា។ ដើម្បីជំរុញកម្លាំងនៃការអភិវឌ្ឍនេះ JICA បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍផ្លូវការសម្រាប់គម្រោងស្តារឡើងវិញបន្ទាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅឆ្នាំ១៩៩៩ និងគម្រោងពង្រីកបន្ទាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅឆ្នាំ២០០៤ ក្នុងគោលដៅលើកកម្ពស់ដំណើរការទំនិញឆ្លងកាត់កំពង់ផែនេះ។
JICA បានចូលរួមទិញភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានដាក់លក់ជាសាធារណកាលពីខែមិថុនា ឆ្នាំ២០១៧ផងដែរ។
JICA បានផ្ទេរភាគហ៊ុនទាំងអស់របស់ខ្លួនទៅឲ្យក្រុមហ៊ុន Kamigumi Co., Ltd, កាលពីខែឧសភា ឆ្នាំ២០១៩ (https://www.jica.go.jp/english/news/press/2018/20190524_10_en.html) ប៉ុន្តែ JICA និងក្រុមហ៊ុនជប៉ុនទាំងអស់ នឹងនៅតែបន្តចែករំលែកបទពិសោធន៍គ្រប់គ្រងកំពុងផែ និងកិច្ចសហប្រតិបត្តិការផ្សេងៗសម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលអនាគត៕