(ភ្នំពេញ)៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលមានរយៈពេល៨ថ្ងៃ នៅកម្ពុជា បានបិទបញ្ចប់ហើយ នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈដែលយុទ្ធនាការនេះ បានដំណើរការទៅដោយរលូន គ្មានអំពើហិង្សា ឬបាតុភាពអវិជ្ជមានណាមួយនោះទេ។

តាមការប្រកាសរបស់គ.ជ.ប បានឱ្យដឹងថា នៅថ្ងៃនេះទី២៤ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី៨ ដែលជាថ្ងៃចុងក្រោយនៃការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយ ចំនួន៦ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបន្តទៀត។

គណបក្សទាំង៦នោះមានដូចខាងក្រោម៖

១៖ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនានៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ព្រមទាំងជួបប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរឈ្មោះ អង្គបោះឆ្នោត បិទពិធីយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមទីស្នាក់ការបក្សក្នុងខេត្ត ចំនួន ១៦ រួមមាន៖ ខេត្តសៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ ព្រះវិហារ មណ្ឌលគិរី ព្រះសីហនុ រតនគិរី ពោធិ៍សាត់ ត្បូងឃ្មុំ ឧត្តរមានជ័យ កំពង់ចាម ព្រៃវែង ប៉ៃលិន កំពង់ស្ពឺ និងខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុប ២៤,០៩២នាក់ រថយន្ត ៣១០គ្រឿង ម៉ូតូ ១,៤៦៨គ្រឿង និងគោយន្ត ៧គ្រឿង។

២៖ គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនា ចេញពីខេត្តព្រៃវែង ខេត្តត្បូងងឃ្មុំ ដោយឆ្លងកាត់ស្រុកអូររាំងឪ មកស្រុកពញាក្រែក និងបានធ្វើការចែកខិត្តប័ណ្ណផ្សព្វផ្សាយគោលនយោបាយក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយមានអ្នកចូលរួមសរុប ១២១នាក់។

៣៖ គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ៦នាក់ រថយន្ដ១គ្រឿង និង ម៉ូតូ២គ្រឿង។

៤៖ គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពហែក្បួនឃោសនា ពីក្រុងសៀមរាប ទៅស្រុកប្រាសាទបាគង ខេត្តសៀមរាប និងចែកខិត្តប័ណ្ណ ចាក់មេក្រូនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ៣០នាក់ រថយន្ត ៣គ្រឿង រ៉ឺម៉កកង់បី ២គ្រឿង និងទោចក្រយានយន្ត ៥គ្រឿង។

៥៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបជុំសមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៦៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបជុំសមាជិក សមាជិកា និងអង្គបោះឆ្នោត ផ្សព្វផ្សាយ គោលនយោបាយ និងទីស្នាក់ការបក្ស នៅខេត្តក្រចេះ សៀមរាប និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមសរុប ១៣៩នាក់។

គ.ជ.ប បានអះអាងទៀតថា ដោយឡែកគណបក្សខ្មែរសាធារណរដ្ឋ មិនមានសកម្មភាពឃោសនាជាសាធារណៈទេ។

ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ក្នុងរយៈពេលថ្ងៃទី៨ នេះ បានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា និងគ្មានពាក្យបណ្តឹងត្រូវបានដាក់នៅតាមបណ្តាគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប។

គ.ជ.ប ក៏បានរំលឹកដែរថា ថ្ងៃស្អែកទី២៥ ខែឧសភា គឺជាថ្ងៃស។ ការឃោសនាបោះឆ្នោត ត្រូវបញ្ឈប់ក្នុងរយៈពេល ២៤(ម៉្ភៃបួន)ម៉ោង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត៕