(ភ្នំពេញ)៖ គម្រោងអគារខុនដូ និងអគារពាណិជ្ជកម្មចម្រុះថ្មីមួយ ដែលនឹងលេចរូបរាងឡើង នៅក្នុងតំបន់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅក្នុងពេលខាងមុខនេះ គឺផ្នែកមួយដែលនឹងជំរុញឱ្យវិស័យអចលនទ្រព្យ ជាពិសេសជំរុញឱ្យសក្ដានុពលវិនិយោគលើវិស័យអចលនទ្រព្យ នៅតំបន់នោះកាន់តែមានសន្ទុះ និងមានហាងឆេងកាន់តែខ្លាំងឡើង។
បើតាមលោក ចាន់ តៃអាន ម្ចាស់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយ អ៊ឹម បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ឱ្យដឹងថា គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ថ្រាយ អ៊ឹម ដែលស្ថិតនៅតំបន់ទួលសង្កែ ខណ្ឌឬស្សីកែវនេះ គឺជាការមកបណ្ដាក់ទុនវិនិយោគ គម្រោងដ៏ធំដែលមានទឹកប្រាក់ប្រមាណ ៧ពាន់លានយន់ ឬប្រមាណជាង១ពាន់លានដុល្លារអាមេរិក។
លោក ចាន់ តៃអាន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅពេលឆាប់ៗខាងមុខនេះ អគារដ៏ធំនេះនឹងត្រូវសង់រួចរាល់ ហើយពេលនោះ វានឹងបង្ហាញឱ្យកាន់តែច្បាស់ពីភាពទាក់ទាញ វិនិយោគិនផ្សេងៗ ងាកមកចាប់អារម្មណ៍នៅតំបន់ទួលសង្កែ។ ម្យ៉ាងទៀត នៅពេលអគារសាងសង់ រួចរាល់ជាស្ថាពរវាក៏នឹងជួយលើកកម្ពស់សោភ័ណភាពរាជធានី បានមួយកម្រិតទៀតផងដែរ។ ខណៈពេលនេះ វាបានបញ្ចប់គ្រោងអគារ គម្រោងមួយចំនួនហើយ និងកំពុងជំរុញការសាងសង់ឱ្យបានលឿនបំផុត ទៅតាមការគ្រោងទុក គឺនៅឆ្នាំ២០២០ខាងមុខនេះ»។
លោកបានបញ្ជាក់ថា គម្រោងនេះ មិនមែនជាការចៃដន្យទេ គឺភាគីវិនិយោគិនចិន បានមកសិក្សាស្វែងយល់យ៉ាងច្បាស់ពីសក្ដានុពលវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាពិសេសទំនាក់កាទូតរវាងកម្ពុជា និងចិន ក៏កាន់តែស្អិតរមួតឡើងពីមួយឆ្នាំមួយទៅមួយ ដែលជាហេតុធ្វើឱ្យពួកយើង ជាវិនិយោគិន មកពីប្រទេសចិន មានជំនឿទុកចិត្ត ហ៊ានបោះទុនរាប់ពាន់លានដុល្លារលើវិស័យនេះ ហើយការបង្កើតអគារខុនដូ និងពាណិជ្ជកម្មដ៏ធំនេះ នៅតំបន់ទួលសង្កែនឹងជំរុញសក្ដានុពលបន្ថែមទៀត ទៅវិស័យអចលនទ្រព្យ និងអាចទាក់ទាញវិនិយោគិននានា ចាប់អារម្មណ៍វិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះផ្ទាល់។
បន្ថែមពីនេះ បើតាមអ្នកជំនាញអចលនទ្រព្យមួយរូប លោក ហេរ៉ូ សុជាតិ បានឱ្យដឹងថា នៅពេលដែលមានគម្រោងធំណាមួយចាប់ផ្ដើម ប្រកាសសាងសង់ វាបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅតំបន់នោះ ស្ទុះងើបម្ដងរួចទៅហើយ ហើយនៅពេលដែលចាប់ផ្ដើមសាងសង់តម្លៃអចលទ្រព្យ នឹងស្ទុះងើបម្ដងទៀត ដោយឡែកនៅតំបន់ទួលសង្កែនេះ យើងអាចចាត់ទុកថា គម្រោង អគារខុនដូ និងពាណិជ្ជកម្ម ថ្រាយ អឹម គឺជាគម្រោងធំជាងគេមួយ ដែលទាញឱ្យមានការវិនិយោគបន្តបន្ទាប់ទៀតនៅពេលអនាគត៕