(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពាណិជ្ជកម្ម ព្រមទាំងគណៈគ្រប់គ្រងសាលា និងអាជ្ញាធរដែនដី ក្រុមការងារកាំកុងត្រូល បានចុះអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ ជូនសិស្សសាលាបឋមសិក្សា ភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន។

ពិធីនេះក៏មានការចូលរួមពីពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូចូលរួមប្រមាណ ៣០០នាក់ ហើយក្រុមការងារមានការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយផលប៉ះពាល់សុខភាព ពីម្ហូបអាហារខូចគុណភាពចំនួន ៣០០ផ្ទាំងផងដែរ។

មន្រ្តីកាំកុងត្រូល បានឲ្យដឹងថា អាហារគឺជាសារជាតិ និងជាប្រភពទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់គ្នា ដូច្នេះវាសំខាន់ណាស់ដែលយើងមិនអាចអត់អាហារបានទេ ដើម្បីរស់រានមានជីវិត។ លោកបន្តថា សុវត្ថិភាពម្ហូបអាហារ គឺម្ហូបអាហារណាមិនបង្កឲ្យមានការប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ នៅពេលដែលត្រូវបានវេចខ្ចប់ ឬបរិភោគស្របតាមតម្រូវការ នៃការទទួលទាន។

មន្រ្តីក៏បានអំពាវនាវឲ្យអាជីវករពាណិជ្ជករ បន្តកិច្ចសហការជាមួយ សមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ និងរួមចំណែកអនុវត្តតាមគោលការណ៍ ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕