(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានជូនដំណឹងដល់ប្រជាពលរដ្ឋ បងប្អូនពលករខ្មែរ ដែលកំពុងតែរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ ឱ្យជ្រាបថា ស្ថានទូតនឹងបន្ដធ្វើលិខិតឆ្លងដែនឥតគិតថ្លៃនៅតំបន់៣ផ្សេងពីគ្នា ចំនួន៣ថ្ងៃ នៅចុងសប្ដាហ៍ជាប់គ្នា ដើម្បីអនុវត្តយន្ដការបង្ខិតសេវាគៀកជិតប្រជាពលរដ្ឋខ្មែរ។
ស្ថានទូតកូរ៉េខាងត្បូង បានបន្ថែមឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់មេត្តាជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិត ប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតបតាមសំណើរ របស់សមាគមខ្មែរ សហគមន៍ខ្មែរ និងមជ្ឈមណ្ឌលគាំពារពលករតាមតំបន់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានរៀបចំកម្មវិធីផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែន ដោយឥតគិតថ្លៃនៅតាមតំបន់ចំនួន៣រួមមាន៖
*ទី១៖ ទីក្រុងផ្យង់ថេក៖ ថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅមុខស្ថានីយរថភ្លើងផ្យង់ថេក (평택역광장) ចាប់ពីម៉ោង១៤៖០០នាទី ដល់ម៉ោង ១៧៖០០នាទីរសៀល។
*ទី២៖ ទីក្រុងថេហ្គូ៖ ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ដែលមានអាសយដ្ឋាន 대구광역시 달서구 성서공단로 213(갈산동971-5) ចាប់ពីម៉ោង១២៖០០នាទី ដល់ម៉ោង១៦៖០០នាទី រសៀល។
*និងទី៣៖ ទីក្រុងក្វាងជូធំ៖ ថ្ងៃអាទិត្យទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងក្វាងជូធំ ដែលមានអាសយដ្ឋាន광주광역시 광산구 풍영로 145번길 82 흑석동 510번지 ចាប់ពីម៉ោង១២៖០០ ដល់ម៉ោង១៦៖០០នាទីរសៀល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវាបន្ដសុពលភាពលិខិតឆ្លងដែន និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ឱ្យបានច្រើនកុះករ និងសូមចូលរួមឱ្យបានទូលំទូលាយ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងទីក្រុងផ្យង់ថេក៖ 010-6677-1385, ទីក្រុងថេហ្គូ៖ 010-6205-5487/010-6797-8299 និងទីក្រុងក្វាងជូធំ 010-4718-0767៕