Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បវរកញ្ញាពិភពលោក Miss Global នាំយកអំណោយទៅចែកជូនដល់កុមារកំព្រា និងមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តចំនួន៣

24-05-2019 14:36

(ភ្នំពេញ)៖ ក្រុមការងារបវរកញ្ញាពិភពលោក ដែលមានវត្តមានកញ្ញា ហង្ស សូរីយ៉ាន់ Miss Global Cambodia 2018 និងកញ្ញា យ៉ូស ផល្លីណា Miss Global Cambodia 2017 បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីធ្វើសកម្មភាពសប្បុរសធម៌ ជាមួយក្មេងកំព្រាដែលខ្វះខាតថវិកា ក៏ដូចជាសម្ភារសម្រាប់សិក្សា និងបាននាំយកអំណោយ ទៅចែកជូនដល់មណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យផងដែរ។

លោក ឌី ប៉ិច នាយកប្រតិបត្តិនៃសមាគម Miss Global Cambodia បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ចាប់ពីថ្ងៃទី២១ ខែឧសភា លោក និងក្រុមការងារបានធ្វើដំណើររួមគ្នាជាមួយ Miss Global ២រូបទៅទស្សនកិច្ច និងធ្វើការងារសប្បុរសធម៌ ចែករំលែកក្តីស្រលាញ់ និងសួរសុខទុក្ខដល់ក្មេងៗ នៅខេត្តកំពង់ធំ ប្រាសាទសំបូរព្រៃគុក និងខេត្តសៀមរាប។

លោកបានបន្តថា លើសពីនេះទៅទៀតក្រុមការងារ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់មណ្ឌលបន្សាបគ្រឿងញៀនមួយកន្លែង ដែលមានឈ្មោះថា មជ្ឈមណ្ឌលជីវិតថ្មី ភ្នំបាក់ ខេត្តបន្ទាយមានជ័យផងដែរ។

លោកបានបញ្ជាក់ទៀតថា ការចូលរួមសកម្មភាពនេះ គឺកើតចេញពីក្តីស្រលាញ់ ហើយទីតាំងដែលលោក និងក្រុមការងារ Miss Global Cambodia ទៅមានមណ្ឌល ហុងសា នៅខេត្តកំពង់ធំ, វិទ្យាល័យអប់រំពិសេសសៀមរាប (មានកុមារគថ្លង់ និងពិការភ្នែក) សៀមរាប, និងមជ្ឈមណ្ឌលជីវិតថ្មី ភ្នំបាក់ នៅខេត្តបន្ទាយមានជ័យ ហើយការមកនេះ គឺចង់ផ្តល់ក្តីស្រលាញ់ និងមានអំណោយចែកជូនដល់ក្មេងៗផងដែរ។

កញ្ញាឯកពិភពលោក២០១៨ គឺកញ្ញា ហង្ស យូរីយ៉ាន់ បានបង្ហាញអារម្មណ៍រំភើបថា «ខ្ញុំពិតជារំភើបចិត្តខ្លាំង នៅពេលដែលបានមកជួបប្អូនៗកុមារកំព្រា កុមារគថ្លង់ ពិការ និងអ្នកនៅមណ្ឌលកែប្រែ គឺរំជួលចិត្តខ្លាំង ហើយក៏ចង់ប្រាប់ថា ពួកយើងទាំងអស់គ្នានឹងបន្តការងារសប្បុរសធម៌ជានិច្ច ដើម្បីធ្វើជាម្លប់សម្រាប់កុមារកំព្រា កុមារគថ្លង់ និងពិការផងដែរ»

ដោយឡែកកញ្ញា យ៉ូស ផល្លីណា ក៏បានបង្ហាញអារម្មណ៍ ស្រដៀងគ្នាថា «កញ្ញាមានអារម្មណ៍រំភើបមិនចាញ់ក្រុមការងារនោះទេ ហើយឃើញថាប្អូនៗ គឺរឹងមាំហើយមានការតស៊ូច្រើន នៅក្នុងជីវិត ទោះជាពិការក៏ដោយក៏ពួកគាត់ទាំងអស់គ្នានេះ មានការតស៊ូ ខិតខំសិក្សារៀនសូត្រក្នុងជីវិតរបស់ពួកគាត់យ៉ាងល្អផងដែរ»៕