(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបេឡារូសប្រចាំកម្ពុជា ជួយជំរុញឲ្យក្រុមហ៊ុនដែលផលិតគ្រឿងយន្តនៅប្រទេសបេឡារូស ពិនិត្យលទ្ធភាពក្នុងការពិចារណាផលិតគ្រឿងយន្ត សម្រាប់ប្រមូលផលដំឡូងមី ដើម្បីជួយកាត់បន្ថយពលកម្ម ដែលកំពុងមានការខ្វះខាតពលកម្មក្នុងការប្រមូលផល។
ការស្នើរបស់លោក វេង សាខុន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកVLADIMIR GOSHIN ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារូស ស្តីពីការពង្រឹង និងពង្រីកសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត នៅទីស្តីការក្រសួងកសិកម្ម ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-បេឡារូស) ភាគច្រើនផ្តោតទៅលើគ្រឿងយន្តកសិកម្មតែប៉ុណ្ណោះ នាពេលអនាគតលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹង និងពង្រីកថែមទៀត ជាពិសេសលើការវិនិយោគ កែច្នៃ វេចខ្ចប់ និងធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរុប។
ដោយសារសាធារណរដ្ឋបេឡារូស មានជំនាញផ្នែកគ្រឿងយន្តកសិកម្ម តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត លោករដ្ឋមន្រ្តីបានស្នើឲ្យទៅក្រុមហ៊ុនផលិតគ្រឿងយន្តពិនិត្យ និងពិចារណាផលិតគ្រឿងយន្ត សម្រាប់ប្រមូលផលដំឡូងមី ដើម្បីជួយកាត់បន្ថយពលកម្មដែលកំពុង មានការខ្វះខាតពលកម្មក្នុងការប្រមូលផល។ ផលិតកម្មដំឡូងមីភាគច្រើនប្រើពលកម្មមនុស្ស ខាតពេល តម្លៃពលកម្មកាន់តែខ្ពស់ និងជាពិសេសសមស្របតាមគោលនយោបាយ ទំនើបកម្មកសិកម្មរបស់ក្រសួង។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានឯកភាពចំពោះសំណើរបស់លោករដ្ឋមន្រ្តីដែលបានលើកឡើង ដោយលោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកក្នុងពេលឆាប់ៗ តាមរយៈកិច្ចប្រជុំមួយ រវាងវិស័យឯកជន និងរដ្ឋ នៅខែកក្កដាខាងមុននេះ នៅខេត្តសៀមរាប៕