(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខគណៈគ្រប់គ្រង គ្រូឧទ្ទេស និស្សិត គរុនិស្សិត និងគរុសិស្សជាង១០០០នាក់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តាំថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសង្គមដែលខ្លួនកំពុងរស់នៅ។
លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកបានអញ្ជើញធ្វើបាឋកថាលើប្រធានបទ «ស្ថានភាពអប់រំក្នុងបរិបទកម្ពុជា» ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស និស្សិត គរុនិស្សិត និងគរុសិស្សចំនួនសរុប ១០៧៦នាក់ នាវិទ្យាស្ថានជាតិអប់រំ។
ក្នុងឱកាសនោះ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានផ្តោតសំខាន់លើភាពទទួលខុសត្រូវ និងការចូលរួមទាំងអស់គ្នា ក្នុងការធានាជោគវាសនារបស់ប្រទេសជាតិ។ លោកបញ្ជាក់ថា៖ «បុគ្គលគ្រប់ៗរូប បើទោះបីជាមានវិជ្ជាជីវៈខុសៗគ្នា តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប គឺត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះ សង្គមដែលខ្លួនកំពុងរស់នៅ ហើយអ្វីដែលសំខាន់នោះ គឺត្រូវចូលរួមធ្វើយ៉ាងណាធ្វើឲ្យអនាគតកម្ពុជា ពោរពេញដោយភាពសុខដុមរមនា សម្រាប់កូនចៅជំនាន់ក្រោយ»។
ក្នុងពេលធ្វើបាឋកថា លោក ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ និស្សិត គរុនិស្សិត និងគរុសិស្សទាំងអស់ ដែលបានជ្រើសរើស ចាប់យកមុខជំនាញក្នុងផ្នែកអប់រំ ដែលថ្ងៃក្រោយមិនមែនគ្រាន់តែក្លាយជាលោកគ្រូ ឬអ្នកគ្រូបង្រៀននោះទេ តែជាបុគ្គលសំខាន់ក្នុងការបន្តបណ្តុះបណ្តាលនូវធនធាន ដែលពោរពេញដោយសមត្ថភាពសម្រាប់ប្រទេសកម្ពុជានាពេលអនាគត។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង និងគ្រូឧទ្ទេសទាំងអស់ ដែលបានខិតខំផ្ទេរចំណេះដឹង និងបទពិសោធដល់និស្សិត គរុនិស្សិត និងគរុសិស្សទាំងអស់ ក្នុងការត្រៀមខ្លួនដើម្បីក្លាយខ្លួន ជាអ្នកបន្តសាបព្រោះវិជ្ជាដល់អ្នកជំនាន់ក្រោយ។
លោកថ្លែងថា «ខ្ញុំពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយ ដែលបានមកជួបជាមួយប្អូនៗគរុនិស្សិត គរុសិស្សទាំងអស់នៃវិទ្យាស្ថានជាតិអប់រំ ក្រោមបរិយាកាសរីករាយនាព្រឹកនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមសម្តែងអំណរគុណចំពោះនាយកវិទ្យាស្ថានជាតិអប់រំ ដែលបានអញ្ជើញរូបខ្ញុំដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងបាឋកថាស្តីពី «ស្ថានភាពអប់រំក្នុងបរិបទកម្ពុជា» នាព្រឹកនេះ»។
លោក ហ៊ុន ម៉ានី ក៏បានចែករំលែកពីភាពសំខាន់នៃវិស័យអប់រំ ដែលមិនត្រឹមតែផ្តល់ការអប់រំតែមួយមុខនោះទេ តែវិស័យអប់រំគឺជាកត្តាកំណត់នូវភាពជោគជ័យ និងការរីកចម្រើននានាលើគ្រប់វិស័យ ជាពិសេសក្នុងការដឹកនាំប្រទេសកម្ពុជាមួយដែលមានការអភិវឌ្ឍ៕