(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង និងសេចក្ដីណែនាំ ស្ដីពី ការអនុវត្ដកម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារ មានប័ណ្ណសមធម៌ ឬបណ្ណអាទិភាព ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។ ដោយឡែក ស្ដ្រីក្រីក្រមកពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង ម្តងទទួលបាន ៤ម៉ឺនរៀល, ពេលសម្រាល ទទួលបាន ២០ម៉ឺនរៀល, ពិនិត្យ និងថែទាំក្រោយសម្រាល និងកូនចំនួន ១០ដង ពោលមានរយៈពេល១,០០០ថ្ងៃ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ការដែលអនុត្ដន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងប្រគល់ដល់ដៃស្ដ្រីក្រីក្រយ៉ាងពិតប្រាកដមែន តាមប្រព័ន្ធធនាគារវីង។ នេះគឺជាការលើកកម្ពស់ សុខុមាលភាពមាតា និងទារក ព្រមទាំងចូលរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់ របស់មាតានិងទារក និងអាហារូបត្ថម្ភដល់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ ២ឆ្នាំ។ ជាពិសេស នឹងបានជំរុញឱ្យស្រ្តីក្រីក្រមានផ្ទៃពោះ និងកូនមកទទួលសេវាថែទាំសុខភាពទៀងទាត់»។
រដ្ឋមន្ដ្រីសុខាភិបាល បានបន្ដថា «ខ្ញុំជឿជាក់ថា នេះជាកាតព្វកិច្ចមួយដែលរាជរដ្ឋាភិបាលកម្ពុជាយើង បានប្រគល់ឱ្យ ហើយយើងទទួលបានកាតព្វកិច្ចនេះ គឺជាមោទនភាពមួយរបស់ ក្រសួងសុខាភិបាល ក៏ដូចជាបុគ្គលិកមន្ដ្រីសុខាភិបាលយើង ដោយគ្រូពេទ្យយើងបានពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ ដោយប្រើមូលនិធិសមធម៌ហើយ និងបានបើកលុយជូនអ្នកជំងឺក្រីក្រទៀត ពួកយើងទាំងអស់ពិតជាសប្បាយចិត្ដណាស់ ហើយយើងនឹងខិតខំប្រឹងប្រែងបំពេញយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត»។
ករណីដោយឡែក នៃការផ្តល់សាច់ប្រាក់ឧបត្ថម្ភ គឺករណីរលូតកូន ទទួលបាន ៤ម៉ឺនរៀល (ម្តងគត់) គត៌អាយុក្រោម១២សប្តាហ៍ និង៤ម៉ឺនរៀល ចំនួន២ដង គត៌អាយុពី ១២-២៤សប្តាហ៍ករណីកូនស្លាប់ពេលសម្រាល ឬក្រោយពេលសម្រាលទទួលបានប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀល ពេលសម្រាល និង៤ម៉ឺនរៀល ចំនួន៣ដង
ករណីម្តាយស្លាប់ពេលសម្រាល ឬក្រោយពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀល ពេលសម្រាល និង៤ម៉ឺនរៀល ចំនួន១០ដង។
សូមជម្រាបថា ដើម្បីការអនុវត្តអាចដំណើរការបាន ក្រសួងបានបង្កើតប្រព័ន្ធ App ដែលអាចតម្លើងជាមួយទូរស័ព្ទដៃ (Smart Phone) និងកុំព្យូទ័រ ដែលអាចបង្កើត និងកំណត់កម្រិត នៃការប្រើប្រាស់ និងចំនួនអ្នកប្រើប្រាស់ ការបញ្ជូលព័ត៌មានអ្នកទទួលសេវា ការកត់ត្រាទិន្នន័យ ការបញ្ចូលទិន្នន័យ ទូទាត់ទៅប្រព័ន្ធបើកសាច់ប្រាក់ និងការបង្កើតរបាយការណ៍។
ប្រព័ន្ធនៃការផ្ទេរ និងការបើកសាច់ប្រាក់ និងអាចជ្រើសរើសធនាគារឯកទេសវីង ជាភ្នាក់ងារប្រតិបត្តិការផ្ទេរសាច់ប្រាក់ ដែលមានសាខារបស់ខ្លួន ប្រមាណជាង៦,០០០កន្លែងទូទាំងប្រទេស។ ធនាគារឯកទេសវីង នឹងរៀបចំបើកគណនី និងការធ្វើកាតសម្រាប់ស្ដ្រីម្នាក់ៗ ដែលមានកំណត់អត្ដសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ អាចប្រើប្រាស់បានគ្រប់ទីកន្លែង និងមានរយៈពេលប្រើប្រាស់ប្រាំឆ្នាំ ហើយសាច់ប្រាក់ ដែលបានអនុម័តហើយ អ្នកទទួលផលអាចទៅដក ឬរក្សាទុកក្នុងគណនីសាមីខ្លួនបាន៕