(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែរក្សាព្រៃឈើដែលមានស្រាប់ និងដាំបន្ថែមតាមតំបន់ជុំវិញប្រាសាទ ដែលជាតំបន់ព្រៃការពារ ដោយមូលហេតុតំបន់ខ្លះ ត្រូវបានទន្រ្ទានពីប្រជាជន ភ្លើងឆេះព្រៃ និងក្រោយពីកាត់ក្រីដកហូតដើមឈើងាប់ ដែលអាចបង្ករហានីភ័យផ្សេងៗដល់មនុស្ស សត្វ ប្រាសាទ និងបរិស្ថាន។
លោក ស៊ិន ពិសី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ បានឱ្យដឹងថា ព្រៃឈើក្នុងឧទ្យានអង្គរ បានបែងចែងចែកជាបីសំខាន់ៗគឺ តំបន់ឧទ្យានបន្ទាយស្រី តំបន់ឧទ្យានកណ្តាល និងតំបន់ឧទ្យានរលួស លើផ្ទៃដី ៤០១គីឡូម៉ែត្រក្រឡា និងចែកជា១៤បុស្តិ៍ ដែលមានបុគ្គលិកចំនួន ៨៤នាក់ ចុះយាមល្បាតជាប្រចាំដើម្បីថែទាំ ព្រមទាំងព្យាលបាលដើមឈើ ពេលមានជំងឺ លើកលែងតែតំបន់ប្រាសាទបេងមាលា ស្ថិតនៅក្រៅតំបន់ឧទ្យានអង្គរ។
លោកបន្តទៀតថា ក្រុមភ្នាក់ងារគ្រប់គ្រងព្រៃឈើ តែងមានកម្មវិធីដាំកូនឈើជារៀងរាល់ឆ្នាំ ហើយមួយលើកៗមានជាច្រើនរយដើម ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ស្ថាប័នរដ្ឋ ស្ថាប័នអន្តរជាតិ វិស័យឯកជន សហគមន៍ ព្រះសង្ឃ និងសិស្សសាលាជាដើម ដើម្បីបំពេញនូវទីតាំងដែលគ្មានព្រៃឈើសរុបប្រមាណ ៣ម៉ឺនដើមក្នុងមួយឆ្នាំៗនៅឧទ្យានអង្គរ។
លោក ស៊ិន ពិសី បានបន្ថែមទៀតថា លើសពីនេះទៀតនោះអាជ្ញាធរជាតិអប្សរា ក៏បានចែកកូនឈើដល់ស្ថាប័នផ្សេងៗ ព្រះសង្ឃ និងប្រជាជនក្នុងតំបន់អង្គរ ដើម្បីបានទៅដាំក្នុងវត្ត ភូមិ ឃុំ មូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនចំនួនព្រៃឈើ បង្កើនគម្របបៃតងដល់បរិស្ថានឱ្យមានបរិយាកាសស្រស់ថ្លា ពិសេសគឺទាក់ទាញទេសចរផងដែរ។
លោក ពិសី បានបញ្ជាក់ថា ព្រៃឈើមានសារៈសំខាន់ទាំងបរិស្ថាន និងសោភ័ណភាពសម្រាប់មនុស្សជាតិ។
លោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ជួយអប់រំដល់ប្រជាជន កុំឱ្យកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ចូលរួមដាំដើមឈើឱ្យបានច្រើនជាងការបំផ្លាញ និងពេលដុតចម្ការត្រូវគ្រប់គ្រងភ្លើងឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ និងមានហានីភ័យដល់ព្រៃឈើក្នុងតំបន់ឧទ្យានអង្គរ៕