(ស្វាយរៀង)៖ ទោះបីមន្ត្រីជំនាញខិតខំបង្ក្រាបការនាំចូលសត្វជ្រូករស់ សាច់ជ្រូកពីប្រទេសជិតខាងយ៉ាងណា ក៏ឈ្មួញខិលខូចនៅតែឆ្លៀតឱកាសលួចនាំចូល តាមច្រករបៀងមួយចំនួន នៃខេត្តស្វាយរៀង។
ជាក់ស្តែង នៅរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអគ្គនាយកដ្ឋាន សហការជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានស្ទាក់ចាប់រថយន្តមួយគ្រឿងទៀត ដែលបានលួចដឹកជ្រូកចូលដោយខុសច្បាប់។
ប្រតិបត្តិការចុះបង្ក្រាបនេះ ចាប់បានរថយន្តដឹកជ្រូក ១គ្រឿងដែលមានដឹកជ្រូក ៣៧ក្បាល នៅចំណុចវត្តស្វាយរំពារ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដែលដឹកចេញពីច្រកចំការអំពៅ ភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ឆ្ពោះទៅកាន់ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
បើតាមមន្ត្រីពេទ្យសត្វ បានបញ្ជាក់ថា បទល្មើស និងវត្ថុតាងទាំងនោះ បានយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា ទាក់ទិននឹងករណីលួចនាំជ្រូកចូលនេះ លោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានព្រមានមន្ត្រីដែលប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ ឱ្យទប់ស្កាត់ឲ្យខាងតែបាន ហើយបើក្នុងការបង្ក្រាប ការនាំចូលសត្វជ្រូករស់ក៏ដូចជាសាច់ជ្រូក ឃើញថា ច្រកណាមួយហ៊ានអនុញ្ញាតឱ្យសត្វជ្រូកចូល ត្រូវតែសម្រេចចិត្តដកចោល ( វះកាត់) ព្រោះនេះគឺជាអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕