(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំ ស្តីពីការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរសម្រាប់ជនមានពិការភាព ដើម្បីផ្តល់ឱកាសការងារលើកទឹកចិត្តដល់ជនពិការ ដែលមានសមត្ថភាព និងដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខមាលភាព និងសិទ្ធិរបស់ជនពិការកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនពិការប្រសើជាង មើលឃើញតែពិការភាពរបស់ជនពិការ។
កិច្ចប្រជុំនេះ រៀបចំធ្វើ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច ដោយមានការចូលរួមពីលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្រ្តីពាក់ព័ន្ធមកពីតាមបណ្តាមន្ទីរសង្គមកិច្ច ដៃគូអង្គការ និងស្ថាប័នសហការជាច្រើនរូបទៀត។
លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា កិច្ចប្រជុំ ស្តីពីការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរសម្រាប់ជនមានពិការភាព នាពេលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្រសួងសង្គមកិច្ច និងដៃគូពាក់ព័ន្ធ ក្នុងការរួមកម្លាំងគ្នាបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរសម្រាប់ជនមាន ពិការភាពនៅកម្ពុជា។
លោកបានបន្ថែមថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរជូនជនមានពិការភាព គឺដើម្បីផ្តល់ឱកាសការងារ លើកទឹកចិត្តដល់ជនពិការ ដែលមានសមត្ថភាព។ បន្ថែមពីលើនោះ ក៏ដើម្បីជំរុញការអនុវត្ត ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលចំពោះជនពិការ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខមាលភាព និងសិទ្ធិរបស់ជនពិការកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនពិការប្រសើជាងមើលឃើញ តែពិការភាពរបស់ជនពិការ ចូលរួមបំពេញនូវកាតព្វកិច្ច ជាហត្ថលេខីនៃអនុសញ្ញា និងកតិកាសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ បានលើកឡើងថា បច្ចុប្បន្ននេះការការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរសម្រាប់ជនមានពិការភាព ក៏មានជួបបញ្ហាមួយចំនួនផងដែរ។ តែទន្ទឹមនឹងការប្រឈមមុខ នូវបញ្ហាមួយចំនួននោះ ក្រសួងសង្គមកិច្ច ក៏បានខិតខំប្រឹងប្រែង កែប្រែនូវបញ្ហាប្រឈមទាំងនោះ ឲ្យបានល្អប្រសើរផងដែរ។
លោក យៀប ម៉ាលីណូ បន្តថា ការការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរសម្រាប់ជនមានពិការភាព ក៏ជួបនូវការលំបាកក្នុងការស្វែងរកសិស្សមានពិការភាពមកទទួលការសិក្សា និងបណ្តុះបណ្តាល, មិនទាន់មានការផ្សព្វផ្សាយទូលំទូលាយ ពីមណ្ឌលបណ្តុះបណ្តាលទៅកាន់ជនមានពិការភាព និងអាណាព្យបាលរប ស់ជនមានពិការភាពនៅក្នុង សហគមនៅមានការយល់ដឹងតិចតួច។
យ៉ាងណាក៏ដោយជនមានពិការភាព បច្ចុប្បន្នបានរស់នៅដោយស្មើមុខស្មើមាត់ជាមួយមនុស្សទូទៅ រួមទាំងការងារ ឱកាសសេដ្ឋកិច្ច និងការចូលរួមក្នុងវិស័យនយោបាយសង្គមវប្បធម៌ និងកីឡា គឺជនមានការពិការភាព បានចូលរួមយ៉ាងពេញលេញ ហើយចំនួនជនមានពិការភាព ដែលមិនបានចូលរៀន គឺមានការថយចុះ អ្នកមិនបានចូលរៀន នឹងបន្តជំរុញឲ្យមានការបណ្តុះបណ្តាល ដើម្បីបំពេញបន្ថែម។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨៧ មកដល់ឆ្នាំ២០១៩ ជនមានពិការភាព ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសរុប ១៧,៥០២នាក់ លើមុខរបរមួយចំនួនរួមមានកុំព្យូទ័រ កាត់ដេរ តម្បាញ ជាងឈើ អង្គលីលេខ អេឡិចត្រូនិច ជួសជុលម៉ូតូ កសិកម្ម ជួសជុលម៉ាស៊ីន ជួសជុលកង់ អ៊ុតសក់ ចុងភៅ ចម្លាក់ជាដើម។ មកដល់ពេលនេះ មានមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២រួមមាន មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាប និងមណ្ឌលសង្គម ពោធិសែនជ័យ បានបណ្តុះបណ្តាលពីឆ្នាំ២០១៤ ដល់២០១៨ បានចំនួន៦៦៣នាក់៕