(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សាលា ប៊ែលធី អន្តរជាតិក្របខណ្ឌU-13 នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាល។
សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ៤ប្រភេទ រួមមាន៖ 1-អប់រំកាយ សម្រាប់សិស្សថ្នាក់ទី១-៦, 2-កីឡា តៃក្វាន់ដូ សម្រាប់សិស្សថ្នាក់ទី៧&៨, 3-កីឡាបាល់ទាត់ Futsal (U-13)សម្រាប់សិស្សថ្នាក់ទី៧&៨, 4-កីឡាបាល់ទាត់ Futsal (U-16)សម្រាប់សិស្សថ្នាក់ទី១០&១១។ ហើយថ្ងៃនេះ យើងបានធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រU-13 ដែលមានការចូលរួមពី ១៩ក្រុម ដែលមកពី ១៩សាខា សរុប២៤៧នាក់ដើម្បីដណ្តើម ជើងឯកពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ ដែលចែកចេញជា ២ក្រុម គឺ ក្រុមU-13 និង ក្រុម U-16 នឹងទទួលរង្វាន់ ដូចខាងក្រោម ៖
*ក្រុមជើងឯក (The Winner) ពានរង្វាន់ជើងឯកសាលា ប៊ែលធី អន្តរជាតិ, មេដាយមាស, ថវិកាចំនួន 3,000,000 រៀល
*ក្រុមជើងឯករង (Runner-up) មេដាយប្រាក់, ថវិកាចំនួន 2,000,000 រៀល
*ក្រុមលេខ ៣ មេដាយសំរិទ្ធ, ថវិកាចំនួន 1,000,000 រៀល
*ក្រុមគំរូ (Fair Play Team) ថវិកាចំនួន 500,000 រៀល
ដោយឡែក ចំពោះការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌ U-16 ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩វិញ នឹងត្រូវ ធ្វើឡើងនៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពាន់រង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលនឹងប្រារព្ធឡើងនៅចុងខែកក្កដាខាងមុខនេះ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុបបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019)នេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងលើវិស័យកីឡាគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។
លោក លី ប៊ុនឆៃ បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ ទៅសាលាឲ្យបានទៀងទាត់ និងឆ្លៀតពេលទំនេររបស់ខ្លួនទៅហាត់កីឡា ដើម្បីបង្កើនថាមពលរឹងមាំ និងនាំមកនូវសុខភាពល្អ ក៏ដូចជាបង្កើននូវភាពស្និទ្ធស្នាល រវាងមិត្តភក្តិ សិស្សានុសិស្សរៀនជាមួយគ្នា ជាពិសេសដើម្បីជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀន នាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់ នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិទៀតផង។
លោក ក៏បានកោតសរសើរចំពោះ ក្រុមកីឡាករទាំងអស់ដែលបានប្រកួតជាមួយគ្នា តាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ ជាលក្ខណៈគ្រួសារប៊ែលធី បើទោះបី ឈ្នះ ឬ ចាញ់ក៏នៅតែជាគ្រួសារប៊ែលធីដែរ។
ជាទីបញ្ចប់ ប្រធានគណៈអធិបតី ប្រគល់ពាន និងរង្វាន់ដល់ក្រុមកីឡាករជ័យលាភី U-13 ប្រចាំឆ្នាំ២០១៩។ សូមបញ្ជាក់ថា សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង១៩សាខា ថ្នាក់ចំណេះទូទៅ និងថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី ០៣ មិថុនា ២០១៩ បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត ផុតកំណត់ ០៧ មិថុនា ២០១៩៕