(កណ្តាល)៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប អនុប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ចុះដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឤណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានលើកឡើងថា ក្នុងរយៈពេល៨ថ្ងៃ កន្លងមកនេះ តាមរយៈការបំពេញការងារយ៉ាងសកម្មប្រកបដោយស្មារតីយកចិត្តទុកដាក់លើការងាររៀបចំកម្មវិធីចុះឃោសនាបេក្ខជន ក្រុមប្រឹក្សារាជធានី ខេត្ត, ក្រុមប្រឹក្សាក្រុង ស្រុក និងខណ្ឌ ក្រុមការងារចុះពង្រឹងមូលដ្ឋាន និង មន្ត្រីគណបក្សគ្រប់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតបានឃើញ និង យល់ច្បាស់អំពីស្នាដៃ និង សមិទ្ធផលទាំងឡាយដែលសម្រេចបានក្នុងរយៈពេលជាង ៤០ ឆ្នាំនេះ ពិសេសការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល, ភាពចាំបាច់នៃការបង្កើតក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ដើម្បីចូលរួមជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ពង្រឹងពង្រីកមូលដ្ឋានគ្រឹះនយោបាយរបស់គណបក្សគ្រប់លំដាប់ថ្នាក់ឱ្យកាន់តែមានភាពរឹងមាំដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

លោកបន្តថា ស្នាដៃសមិទ្ធផលនេះបានផ្តើមចេញពីជ័យជម្នះ ៧ មករា ១៩៧៩ សម្រេចបាននូវការកែប្រែមុខមាត់ថ្មី ដែលគ្មានអ្នកណាម្នាក់នឹក ស្មានដល់ គឺការកសាងបានសុខសន្តិភាព សន្តិសុខ និង ស្ថិរភាពនយោបាយ ដោយបង្កើតបានឱកាសមាសក្នុងការ អភិវឌ្ឍសង្គមសេដ្ឋកិច្ចគួរជាទីមោទនៈ និង កំពុងលើកកម្ពស់ប្រសិទ្ធភាពសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ និង ការអភិវឌ្ឍនៅមូលដ្ឋាន។

«ការណ៍នេះតម្រូវឱ្យយើងត្រូវមានសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកភាគច្រើនលើស លប់មកពីគណបក្សប្រជាជនកម្ពុជានៅក្នុងឤណត្តិទី ៣ ឆ្នាំ២០១៩ នេះ ជាបន្តទៀត ដើម្បីថែរក្សា, ការពារ និង ពង្រឹង ពង្រីកបន្ថែមនូវសមិទ្ធផល និង ស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងឤណត្តិទី១ ឆ្នាំ២០០៩ និង ឤណត្តិទី២ ឆ្នាំ២០១៤, គណបក្សប្រជាជនកម្ពុជាបានទទួលប្រៀបឈ្នះលើសលប់ ដោយសារគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់, រចនាសម្ព័ន្ធ និង កម្លាំងរឹងមាំ, មានការទទួលខុសត្រូវខ្ពស់ទាំងលើជោគវាសនា របស់ជាតិ និង ជីវភាពរស់នៅរបស់ប្រជាជន»។ លោក ហ៊ាន សាហ៉ីប បានគូសបញ្ជាក់។

លោក ហ៊ាន សាហ៉ីប បានលើកឡើងថា ក្នុងឤណត្តិទី៣ ឆ្នាំ២០១៩ នេះ គណបក្សប្រជាជនកម្ពុជា ក៏មានគោលនយោបាយច្បាស់លាស់ មុតស្រួច ១១ ចំណុចបន្ថែមទៀតដូចជា ការពង្រឹងសាមគ្គីភាពជាតិទាំងមូល, ការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាពនិងសន្តិសុខរបស់ជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស, ការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យសម្រេចបានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ប្រកបដោយចីរភាព, ការមិនយកពន្ធលើដីកសិកម្មរបស់កសិករដែល បង្កបង្កើនផលជាលក្ខណៈគ្រួសារ, ការគិតគូរដំឡើងប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ និយោជិត, ការដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ, ឤជីវករលក់ដូរ តាមផ្សារលើទីតាំងដីរដ្ឋ ឤចផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ និង ឤស្រ័យផលទៅកូនចៅ ឬអ្នកដទៃបានដោយពុំមានកំណត់ឤណត្តិ, ការអភិវឌ្ឍ និង ពង្រឹង ប្រព័ន្ធគាំពារសង្គម, យុវជនគ្រប់រូបទទួលបានឱកាសក្នុងការអប់រំ មានការងារធ្វើ, ការផ្តល់សេវាសាធារណៈនៅគ្រប់ ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាស្រុកនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការនាំយកជ័យជំនះ ក្នុងដំណើរបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឤណត្តិទី ៥ ឆ្នាំ ២០២២, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និង ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ខាងមុខនេះ ពិសេសការផ្តល់សេចក្តីទុកចិត្តរបស់ រដ្ឋសភាជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបន្តទៀត។

លោក ហ៊ាន សាហ៉ីប បានជម្រាបអង្គពិធីថា ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ជាថ្ងៃស្ងប់ស្ងាត់ ដូចនេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នូវរាល់សកម្មភាពទាំងឡាយណា ដែលឤចប៉ះពាល់ដល់នីតិវិធី និង ច្បាប់ស្តីពីការបោះឆ្នោត។ ដោយឡែកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ឤណត្តិទី៣ ជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា ហើយជាមូលដ្ឋានគ្រឹះគាំទ្រ គណបក្សប្រជាជនកម្ពុជា ឱ្យបន្តប្រៀបឈ្នះក្នុងការបោះឆ្នោតនៅគ្រប់កម្រិត ដែលជាគោលដៅយុទ្ធសាស្ត្រយូរអង្វែង របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមមួយប្រកបដោយនីតិរដ្ឋ, មានសន្តិភាព, ស្ថិរភាព និង ការអភិវឌ្ឍ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានណែនាំឱ្យគណបក្សស្រុក និង ប្រធានក្រុមប្រឹក្សាឃុំនីមួយៗ ពិនិត្យសមាជិកក្នុងក្រុមប្រឹក្សារបស់ខ្លួនឡើងវិញ គឺពិនិត្យអត្តសញ្ញាណសម្រាប់បោះឆ្នោត និង ដឹកនាំសមាជិកក្រុម ប្រឹក្សាទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យបានទាន់ពេលវេលា។ ជាមួយនេះ ក្រុមការងារ និង គណៈកម្មាធិការគណបក្ស ស្រុក ត្រូវបន្តសហការជាមួយឤជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អ ពិសេសត្រូវការពារទាំងមណ្ឌល និង ការិយាល័យបោះឆ្នោត, ការពារសុវត្ថិភាពជូនបេក្ខជនឈរឈ្មោះ និង ការពារ លទ្ធផលបោះឆ្នោត ព្រមទាំងគ្រប់គ្រង តាមដានសភាពការណ៍នៅមុនពេល-អំឡុងពេល-ក្រោយពេលបោះឆ្នោត ឱ្យបានល្អប្រសើរ៕