(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានប្ដេជ្ញាចិត្តថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្ដពង្រឹង អនុវត្តការងារនគរបាល និងសហគមន៍ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ការប្ដេជ្ញាចិត្តរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំបិទបញ្ចប់គម្រោង សកម្មភាពការងារនគរបាល និងសហគមន៍ ហៅកាត់ថា CPI ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្ដ្រាលី ដល់មន្ដ្រីនគរបាលកម្ពុជា ដោយមានការចូលរួមពី លោក ចន រ៉េននី ប្រធានគម្រោង CPI ប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមសន្យាថា ទោះបីមិនមានធនធានថ្មី ទោះបីរដ្ឋាភិបាលខ្ញុំមិនមានគម្រោងអ្វីថ្មី ទោះបីអូស្ដ្រាលីមិនផ្ដល់គម្រោងថវិកាបន្ថែមទៀត ប៉ុន្ដែខ្ញុំសន្យាថាបន្ដគម្រោង CPI បន្ដទៀត ព្រោះយើងខ្ញុំមានពិសោធន៍ហើយដែរ។ មូលហេតុដែលខ្ញុំបន្ដ ដោយសារគោលនយោបាយ ទស្សនៈវិស័យរាជរដ្ឋាភិបាលអាណត្តិទី៦នេះ គឺជារដ្ឋាភិបាលបម្រើប្រជាជន»។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអះអាងទៀតថា រហូតមកដល់ពេលនេះកម្ពុជា កំពុងរៀបចំកិច្ចការនគរបាល ដើម្បីជំរុញការបម្រើសេវាជូនប្រជាពលរដ្ឋ ហើយការបម្រើសេវាជូនពលរដ្ឋនេះ ដើម្បីឲ្យបានល្អចាំបាច់ណាស់ត្រូវពង្រឹងនគរបាលប៉ុស្ដិ៍រដ្ឋបាល និងត្រូវតែបន្ដអនុវត្តគម្រោង CPI។

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានថ្លែងនូវការស្វាគមន៍របស់ប្រធានគម្រោង CPI ដែលត្រូវបានបញ្ចប់ និងបុគ្គលពាក់ព័ន្ធទាំងអស់ អាចទៅពិនិត្យការអនុវត្តការងារនេះ បានគ្រប់ពេលវេលាទាំងអស់ និងផ្ដល់ការណែនាំអ្វីដែលជាចំណុចខ្វះខាតផងដែរ។

គួរជម្រាបថា គម្រោងការងារនគរបាល និងសហគមន៍ ដែលជួយគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលីនេះ បានជួយឲ្យនគរបាលមូលដ្ឋាន គឺនគរបាលប៉ុស្តិ៍រដ្ឋ និងស្នងការដ្ឋាន រាជធានី-ខេត្ត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងដឹកនាំប៉ុស្តិ៍រដ្ឋបាលឲ្យធ្វើការងារប៉ុស្តិ៍រដ្ឋបាល និងសហគមន៍។

រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាចំនួន៤លាន២សែនអូស្តាលី ដល់នគរបាលកម្ពុជា ដើម្បីអនុវត្តន៍នូវគម្រោងការងារនគរបាល និងសហគមន៍នេះ ដើម្បីបង្ហាត់បង្រៀនជួយដល់ នគរបាលកម្ពុជា បង្កើនការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសហការគ្នាក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ដែលគម្រោងនេះគឺមានរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាល នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយការដាក់ចេញ គម្រោងការងារនគរបាល និងសហគមន៍ និងការចុះជួយពិនិត្យគាំទ្រសកម្មភាពជាបន្តបន្ទាប់ពីនាយកដ្ឋាន និងគំរោង CPI និងយន្តការនៅថ្នាក់ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត គួបផ្សំនឹងបណ្ដាវិធានការណ៍ជាច្រើនទៀត ដែលក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញ ធ្វើឲ្យមន្ត្រីជំនាញគ្រប់ថ្នាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស មានការយល់ដឹងទទួលយករបៀបរបបការងារមួយ ដែលមានភាពច្បាស់លាស់ប្រាកដប្រជា ទទួលបានលទ្ធផលវិជ្ជមាន និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា ចំពោះភាពអសកម្ម ចន្លោះប្រហោងមួយចំនួនតូចក៏ត្រូវបានរកឃើញ និងមានការកែប្រែបាន ទាន់ពេលវេលាផងដែរ។ ការសម្រេចអនុញ្ញាតឲ្យអនុវត្តន៍ គំរោងការងារនគរបាល និងសហគមន៍ គឺជាការសម្រេចដាក់ចេញនូវ ដំណោះស្រាយចំបញ្ហា ចំគោលដៅ និងឆ្លើយតបបានទាន់ពេលវេលាប្រកបដោយភាពវិជ្ជមានចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព៕