(ត្បូងឃ្មុំ)៖ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ រយៈពេល ៨ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះនៅទូទាំងប្រទេស ត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។ នេះជាការលើកឡើងរបស់ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅក្នុង ពិធីបិទយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ រៀបចំធ្វើនៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៩នេះ ។
នៅក្នុងឱកាសនោះ លោក វង សូត មានលើកឡើងថា «យុទ្ធនាការពិត ជាបានប្រព្រឹត្តិទៅដោយរលូន និងអាចទទួលយកបានទាំងអស់គ្នា ដោយយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នេះ ត្រូវបិទបញ្ចប់ទៅតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃនេះ ហើយថ្ងៃស្អែកទី២៥ ឧសភា ជាថ្ងៃស្ងប់ស្ងាត់ រួចហើយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គឺជាថ្ងៃបោះឆ្នោត»។
លោក វង សូត បានស្នើសុំឱ្យអ្នកបោះឆ្នោតទាំងអស់របស់គណបក្សប្រជាជនកម្ពុជាបោះឆ្នោតដោយ ត្រឹមត្រូវ មានន័យថា បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយពិតប្រាកដ គឺមិនគូស ច្រឡំឡើយ។ ដូច្នេះ ចំពោះអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សូមត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដូចជា ការរក្សាសុខភាពឱ្យបានល្អ ដើម្បី ធានាថាអាចទៅបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត ហើយជាពិសេស សូមកុំភ្លេចយកទៅជាមួយនូវឯកសារនានាដែលជាតម្រូវការ សម្រាប់ការបោះឆ្នោតនេះ។
សូមជម្រាបថា សម្រាប់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានអ្នកបោះឆ្នោតដែលជា សមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន ៨០នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៧៨នាក់ មកពីគណបក្សហ៊្វុនស៊ីនប៉ិចចំនួនម្នាក់ និងមកពីគណបក្សខ្មែររួបរួមជាតិចំនួន ១នាក់ និងមានគណបក្សនយោបាយចំនួន ៤ ចូលរួមនៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសក្រុម ប្រឹក្សាស្រុកពញាក្រែកចំនួន ២១រូប រួមនិងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។ អ្នកបោះឆ្នោតម្នាក់ត្រូវបោះឆ្នោតចំនួន២សន្លឹក គឺ ១សន្លឹកសម្រាប់ការជ្រើសរើសសមាជិកក្រុមប្រឹក្សា ក្រុង ឬ ស្រុក ឬ ខណ្ឌ និង ១សន្លឹកទៀតសម្រាប់ការជ្រើស រើសក្រុមប្រឹក្សារាជធានី ឬ ក្រុមប្រឹក្សាខេត្ត៕