(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំសមាជិក-សមាជិកាអន្តរក្រសួង-ស្ថាប័ន រាយការណ៍អំពីវឌ្ឍនភាព និងទិសដៅការងារក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (ដែលហៅកាត់ថា «CLV DTA») ជូន លោក ឈាង វុន សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ និងជាប្រធានគណៈកម្មការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម និងសមាជិករដ្ឋសភា-ព្រឹទ្ធសភា នៅវិមានរដ្ឋសភា។
លោករដ្ឋមន្រ្តី បានជម្រាបជូនលោកប្រធាន និងអង្គប្រជុំទាំងមូលអំពីសាវតារ និងគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ CLV DTA ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ និងវៀតណាម កាលពីកិច្ចប្រជុំកំពូល CLV លើកទី១ កាលពីឆ្នាំ១៩៩៩ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព និងទិសដៅការងារ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ វៀតណាម បន្ទាប់ពីកិច្ចប្រជុំកំពូល CLV លើកទី១០ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះតំបន់ CLV DTA លើកទី១២។
បើតាមលោក ប៉ាន សូរស័ក្តិ ក្នុងកិច្ចប្រជុំនោះទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យសំខាន់ៗ ដូចជាការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមកិច្ចតំបន់ CLV DTA ការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ ការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ CLV DTA វិស័យអប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែននិងសន្តិសុខ ការរៀបចំផែនការសកម្មភាព និងគម្រោងជាក់លាក់ ដើម្បីអនុវត្តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០ ជាដើម។
នៅក្នុងឱកាសនោះផងដែរ តំណាងអនុគណៈកម្មការទាំងបួន រួមមាន៖ (១)ការបរទេស និងសន្តិសុខ (២)សេដ្ឋកិច្ច (៣)សង្គមកិច្ច និងបរិស្ថាន និង(៤)សម្របសម្រួលថ្នាក់ខេត្ត ក៏បានរាយការណ៍អំពីវឌ្ឍនភាព និងទិសដៅការងាររបស់ខ្លួនផងដែរ៕