(កំពង់ធំ)៖ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងឡាយនៅស្រុកទាំងពីរខាងលើ ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណ ឬឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានស្រេចបាច់ សម្រាប់យកទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុករបស់ខ្លួន និងក្រុមប្រឹក្សាខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ បានដំណើរការស្របតាមប្រតិទិនរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នៅវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
នាឱកាសនោះ លោក ថោង ខុន បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ គឺជាការបោះឆ្នោតអសកល អាស្រ័យដោយសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអ្នកបោះឆ្នោតផ្ទាល់។
ដើម្បីឲ្យការបោះឆ្នោតសម្រេចបានលទ្ធផលល្អប្រសើរ និងរក្សាបានតម្លៃដ៏ធំធេងពិតប្រាកដនៃសន្លឹកឆ្នោត លោក ថោង ខុន បានផ្តល់យោបល់មួយចំនួន ដូចតទៅ៖
១៖ សូមចាំឲ្យបានច្បាស់ថាសន្លឹកឆ្នោតសម្រាប់ក្រុមប្រឹក្សាស្រុកមាន «ពណ៌លឿង» សន្លឹកឆ្នោតសម្រាប់ក្រុមប្រឹក្សាខេត្តមាន «ពណ៌ស»។
សូមគូសសន្លឹកឆ្នោតនីមួយៗឲ្យបានច្បាស់ល្អ និងត្រឹមត្រូវ។ ម្នាក់ៗត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់យកទៅបោះឆ្នោត។
២៖ សូមមានមុខនៅការិយាល័យបោះឆ្នោតតាមពេលម៉ោងកំណត់គឺនៅម៉ោង ៧៖០០ព្រឹក ដោយមានប្រធានគណៈកម្មាធិការគណបក្សឃុំ ឬមេឃុំជាអ្នកដឹកនាំ។
៣៖ មុនគូសសញ្ញាគាំទ្រ សូមពិនិត្យឲ្យបានហ្មត់ចត់។
៤៖ សូមគូសសញ្ញាធិច √ នៅក្នុងប្រអប់បួនជ្រុងទ្រវែងតូចរបស់គណបក្សប្រជាជនកម្ពុជា។
៥៖ សូមកុំធ្វើឲ្យសន្លឹកឆ្នោតរបស់ខ្លួនក្លាយជាសន្លឹកឆ្នោតមិនបានការ៖
* កុំធ្វើឲ្យប្រឡាក់ខាងមុខ ឬខាងខ្នងសន្លឹកឆ្នោត ដោយប្រឡាក់ទឹកប៊ិច ប្រឡាក់ជាប់ស្នាមម្រាមដៃ
* កុំធ្វើឲ្យរហែកដោយសារការគូសសង្កត់ខ្លាំងពេក ឬដោយសារបង្ខំរុញចូលទៅក្នុងហិបឆ្នោត
* សូមគូសសញ្ញាគាំទ្រឲ្យច្បាស់ក្នុងប្រអប់បួនជ្រុងទ្រវែងរបស់គណបក្សប្រជាជនកម្ពុជា កុំគូសវែងពេក ដែលបណ្តាលឲ្យចូលទៅក្នុងប្រអប់បួនជ្រុងទ្រវែងរបស់គណបក្សផ្សេង ឬចេញក្រៅប្រអប់បួនជ្រុងរបស់គណបក្សប្រជាជនកម្ពុជា។
* កុំគូសលើសពីមួយ
* កុំគូសគំនូសដែលគេអាចចាត់ថាជាសញ្ញាសម្គាល់របស់ម្ចាស់ឆ្នោត។
៦៖ បើគូសខុស ឬគូសមិនបានត្រឹមត្រូវ អាចសុំប្តូរសន្លឹកឆ្នោតថ្មី ដើម្បីគូសឡើងវិញឲ្យបានល្អ។
៧៖ គូសរួច សូមបត់សន្លឹកឆ្នោតតាមផ្នត់ដើម ដូចដែលមន្ត្រីបោះឆ្នោតបត់ឲ្យខ្លួន រួចទម្លាក់សន្លឹកឆ្នោតទៅក្នុងហិបឆ្នោតដោយថ្នមៗ (កុំឲ្យរហែក)។
៨៖ ត្រូវយល់ព្រមឲ្យមន្ត្រីបោះឆ្នោតជូតសម្អាត ម្រាមចង្អុលដៃស្តាំ ដើម្បីជ្រលក់ទឹកខ្មៅលុបមិនជ្រះ។
៩៖ សូមថែរក្សាសុខភាព សុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានល្អ៕