(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំការដង្ហែក្បួនបិទយុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ ក្នុងខេត្តឧត្តរមានជ័យយ៉ាងមហោឡារិក។

ក្នុងពិធីបិទយុទ្ធនាការនេះ លោក គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សក្នុងខេត្តទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងបុព្វហេតុការងារជូនបក្ស និងបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ និងរក្សាបរិយាកាសនយោយបានយ៉ាងល្អប្រសេីរ។

ដេីម្បីធានាបានជ័យជម្នះក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ខាងមុខនេះ លោក គន់ គីម បានផ្តាំផ្ញេីឲ្យមន្ត្រីសមាជិកគណបក្សត្រូវគោរពតាមច្បាប់បោះឆ្នោត ថែរក្សាសុខភាពឱ្យបានល្អ និងចេញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ មានក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោតចំនួន ១៥១នាក់ និងមានអាសន:ក្រុមប្រឹក្សា ក្រុង ស្រុកចំនួន៧៧ និងអាសន:ក្រុមប្រឹក្សាខេត្តចំនួន១៩៕