(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធានទី១ គណអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក នៅមណ្ឌលស្រុកលើកដែក អាណត្តិទី៣ នៅមណ្ឌលស្រុកលើកដែក។
លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល០៨ថ្ងៃ បានកន្លងផុតទៅប្រកបដោយជោគជ័យ ដែលបេក្ខជនក្រុមប្រឹក្សាខេត្ត-ក្រុង -ស្រុក ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានគ្រប់ថ្នាក់ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ បានបំពេញការងារយ៉ាងសកម្ម ដោយបានយកចិត្តទុកដាក់រៀបចំកម្មវិធីឃោសនា ដើម្បីបង្ហាញឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោតបានឃើញ និងយល់ជ្រួតជ្រាបច្បាស់អំពីស្នាដៃ សមិទ្ធផលរយៈពេល ៤០ឆ្នាំ និងប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលផ្តើមចេញពីជ័យជំនះ៧មករា ១៩៧៩ សម្រេចបាននូវការកែប្រែមុខមាត់ថ្មី ដែលគ្មាននណា អាចនឹងនឹកស្មានដល់ថា គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ បង្កើតបាននូវឱកាសមាស ដែលពុំធ្លាប់មានដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឲ្យបានសម្រេចសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងរយៈពេលជាងពីរទស្សវត្សចុងក្រោយនេះ។
លើសពីនោះ ការកែទម្រង់យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងកំណែទម្រង់វិមជ្ឈការ-វិសហមជ្ឈការ សំដៅលើកកម្ពស់គណនេយ្យភាព និងប្រសិទ្ធភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន ដែលទាមទារត្រូវមានសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ភាគច្រើនលើសលប់មកពីគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០១៩។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងបន្ដថា «ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះ និងសូមថ្លែងអំណរគុណចំពោះមន្ត្រីគណបក្ស បេក្ខជន និងក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមជំរុញការងារគណបក្ស ក្នុងដំណាក់កាលថ្មី ដោយផ្តោតលើការអប់រំ បណ្តុះបណ្តាលស្មារតីស្នេហាជាតិកន្លងមក និងតាមរយៈការផ្សព្វផ្សាយខ្លឹមសារ គោលនៃកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ៩ចំណុច»។
គោលនៃកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ៩ចំណុច ដែលមានជាអាទិ៍៖
*១៖ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅគ្រប់មូលដ្ឋាន ដើម្បីធានាដល់ការអភិវឌ្ឍគ្រប់វិស័យ និងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន,
*២៖ ការការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាជន
*៣៖ ការរីកចម្រើនខាងសេដ្ឋកិច្ច ត្រូវបានឆ្លើយតបទៅនឹងសំណូមពរ នៃការលើកកម្ពស់ឥតឈប់ឈរ ដល់ជីវភាពរបស់ប្រជាជន
*៤៖ ការអភិវឌ្ឍវិស័យកសិកម្ម
*៥៖ ការការពារសិទ្ធិលើដីធ្លីស្របច្បាប់របស់ប្រជាជន ព្រមទាំងការគ្រប់គ្រង និងប្រើប្រាស់ដីរដ្ឋ និងធនធានធម្មជាតិប្រកបដោយតម្លាភាព សមធម៌ ចីរភាព និងប្រសិទ្ធភាព,
*៦៖ ការបន្តផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ផ្លូវថ្នល់ អគ្គីសនី និងទឹកស្អាត
*៧៖ ការលើកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កងទ័ព នគរបាល និងកម្មករ និយោជិត ឲ្យមានភាពកាន់តែប្រសើរឡើង ស្របជាមួយកំណើនសេដ្ឋកិច្ច
*៨៖ ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច
*៩៖ ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពនៃស្ថាប័ន ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកប ដោយគុណភាព ប្រសិទ្ធភាព និងការជឿទុកចិត្ត។
លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី «កម្មវិធីនយោបាយនេះ កសាងឡើងដោយផ្តើមចេញពីឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងផ្អែកលើមូលដ្ឋានជាក់ស្តែង របស់គណបក្សប្រជាជនកម្ពុជា ដែលមានសមត្ថភាព និងលទ្ធភាពពិតក្នុងការអនុវត្តឲ្យបានសម្រេច។ សមិទ្ធផលដ៏ធំធេងរាប់មិនអស់ ដែលយើងសម្រេចបានកន្លងមក គឺជាសក្ខីភាព ដ៏ប្រត្យក្ស មិនអាចបដិសេធបាន ដែលបញ្ជាក់ពីសមត្ថភាពដ៏ពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ការពារ កសាង អភិវឌ្ឍន៍ជាតិនៃយើង ហើយរាល់សមិទ្ធផលដ៏ធំធេង ដែលយើងសម្រេចបាន តាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងការធ្វើពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ យុទ្ធជន-យុទ្ធនារី សមាជិក-សមាជិកាគណបក្ស និងជនរួមជាតិយើងរាប់លាននាក់ថែមទៀត»។
ជាមួយគ្នានោះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងបន្ថែមថា «អាស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាថែទាំរក្សារាល់សមិទ្ធផលដ៏ថ្លៃថ្លានេះ ឲ្យបានគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឲ្យគ្រប់មជ្ឈដ្ឋានអគតិណាមួយមកបំផ្លាយទៅវិញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្តី»។
ជាងនេះទៅទៀ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ កម្ចាត់ចោលរាល់ឧបាយកលពិសពុលរបស់ពួកអគតិ ដែលមាននិន្នាកាប្រឆាំង រួមទាំងពួកអមិត្តនៅខាងក្រៅប្រទេស ដែលមានផែនការទុច្ចរិត ចង់បង្កឡើងនូវចលាចល តាមរយៈសកម្មភាពបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា ហើយប្តេជ្ញាចូលរួមយ៉ាងសកម្មកសាងជាតិយើងឲ្យកាន់តែរីកចម្រើនឆ្ពោះទៅកាន់ចក្ខុវិស័យ នៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាអរិយប្រទេសជឿនលឿនមួយក្នុតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀតឡើយ៕