(ស្វាយរៀង)៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់ថា បច្ចុប្បន្ននេះនៅមានអ្នករកស៊ីដើរចាក់ថ្នាំជាច្រើន គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត ឬពីក្រសួងសុខាភិបាល កំពុងរកស៊ីដើរចាក់ថ្នាំយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តស្វាយរៀង។
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះថា អ្នកដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតទាំងនេះ តែងតែលួចលាក់ដើរព្យាបាល និងចាក់ថ្នាំតាមផ្ទះដោយដាក់ថ្នាំ សេរ៉ូម ក្នុងថង់ តាមកាបូប ដាក់ក្នុងកន្រ្តក ឬក្រោមកែបម៉ូតូ ជាដើម …។ល។ កន្លងមកអ្នកទាំងអស់នេះ តែងតែបង្កគ្រោះថ្នាក់ និងស្លាប់ដល់អ្នកជំងឺជាច្រើន។
លោកថា «អាស្រ័យហេតុនេះ ដើម្បីជៀសវៀងមានគ្រោះថ្នាក់បន្តទៀត មន្ទីរសុខាភិបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលមានជំងឺ សូមមេត្តាកុំទៅពិនិត្យព្យាបាល ជាមួយអ្នករកស៊ីដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតតទៅទៀត។ ដើម្បីឱ្យដល់បងប្អូនប្រជាពលរដ្ឋងាយស្រួល ចំណាំ មន្ទីរសុខាភិបាល នឹងផ្សព្វផ្សាយបញ្ជីឈ្មោះអ្នករកស៊ីដើរចាក់ថ្នាំ គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត តាមបណ្តាញសារព័ត៌មាន តាមមណ្ឌលសុខភាព និងតាមឃុំសង្កាត់នៅក្នុងខេត្តស្វាយរៀង»។
មន្ទីរសុខាភិបាលខេត្ត សូមជម្រាបជូនផងដែរ ដល់អ្នកដើរព្យាលបាល ចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ពីព្រោះមន្ទីរសុខាភិបាល បានណែនាំ ហាមឃាត់ និងបានឱ្យធ្វើកិច្ចសន្យាច្រើនដងរួចមកហើយ និងមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាជាបន្តទៀតទេ។
មន្ទីរសុខាភិបាលខេត្តបានរៀបចំបែបបទ ធ្វើពាក្យបណ្តឹងចំពោះ លោក លោកស្រី ដែលរកស៊ីដើរចាក់ថ្នាំ គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាល ឬពីក្រសួងសុខាភិបាលទាំងអស់ក្នុងខេត្តស្វាយរៀងទៅតុលាការហើយ។ ដូច្នេះបើសិនជា លោក លោកស្រី នៅតែរកស៊ីដើរចាក់ថ្នាំ គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតតទៅទៀត លោក លោកស្រី នឹងត្រូវប្រឈមនឹងមុខច្បាប់នៅតុលាការ៕