(ព្រៃវែង)៖ លាមកសត្វគោក្របីនៅខេត្តព្រៃវែង ត្រូវបានឈ្មួញដើរប្រមូលទិញយកទៅលក់ នៅប្រទេសជិតខាងស្ទើររាល់ថ្ងៃ ដែលជាការព្រួយបារម្ភមួយ ធ្វើឲ្យបាត់បង់ជីធម្មជាតិជាលាមកសត្វ។ តែទោះយ៉ាងនេះក្តីពលរដ្ឋមួយចំនួន បាននាំគ្នាសប្បាយចិត្តដោយពួកគាត់គិតថា សូម្បីតែលាមកសត្វសោះក៏មានតម្លៃដែរ។
ពលរដ្ឋអ្នកចិញ្ចឹមសត្វគោ ក្របីយកសាច់លក់ និងលាមកលក់ម្នាក់ រស់នៅភូមិមុនីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានរៀបរាប់ថា គាត់ចិញ្ចឹមសត្វគោ០៦ក្បាលដែរ ហើយរាល់ថ្ងៃនេះគោរបស់គាត់ទាំងនេះ បានយកទៅឃ្វាលនៅតាមវាលស្រែក្បែរភូមិ និងតាំងពីព្រឹករហូតដល់ល្ងាច ទើបយកមកបញ្ចូលក្រោលវិញ។
គាត់បានបន្តទៀតថា «សម្រាប់គោ០៦ក្បាលនេះ នៅក្នុងមួយថ្ងៃ យើងអាចប្រមូលអាចម៍គោស្ងួតបានមួយបាវ បើនិយាយពីការហាលវាវិញ ត្រូវប្រើរយៈពេលពី៣ទៅ៤ថ្ងៃ សម្រាប់តែរដូវប្រាំងទេ ឯរដូវវស្សាវិញយើងប្រើរយៈពេលពី៥ទៅ៧ថ្ងៃ ទើបវាស្ងួតល្អ»។
អ្នកស្រីបានបញ្ជាក់ថែមទៀតថា ឈ្មួញបានដើរប្រមូលទិញលាមកគោស្ទើរតែរាល់ថ្ងៃ ចំពោះគាត់វិញចាប់ពី២០ ទៅ៣០ថ្ងៃទើបលក់ម្តង ហើយតម្លៃវិញឡើងចុះទៅតាមហាងឆេង និងតម្រូវការរបស់ឈ្មួញវៀតណាម ដែលបញ្ជាទិញពីឈ្មួញខ្មែរ។
គួររំលឹកថាលាមកគោនេះ បើនៅរដូវវស្សាវិញច្រើនសំបូរឈ្មួញទិញ ឯតម្លៃក៏ឡើងខ្ពស់ដែររហូតទៅដល់ ៣,០០០រៀលក្នុងមួយបាវ។ នៅរដូវប្រាំងវិញជាទូទៅតម្លៃលាមកគោ នៅក្នុងមួយបាវនៅត្រឹមតែ ២,២០០រៀល ពេលខ្លះធ្លាក់ចុះជាងនេះក៏មានដែរ។
ទោះយ៉ាងណាប្រជាកសិករស្ទើរតែគ្រប់រាប់គ្រួសារទៅហើយ នៅខេត្តព្រៃវែង ដែលចិញ្ចឹមសត្វគោក្របី ដើម្បីជាមធ្យោបាយអូសទាញសម្រាប់ភ្ជួរដី ធ្វើស្រែចម្ការកាលពីសម័យបុរាណ លុះមកដល់បច្ចុប្បន្ននេះដោយប្រទេសជាតិ មានភាពជឿនលឿន និងសំបូរបែប ការធ្វើកសិកម្មផ្សេងៗប្រើប្រាស់សុទ្ធតែឧបករណ៍ទំនើបៗ ហើយការចិញ្ចឹមសត្វនេះដែរ ភាគច្រើនយកតែសាច់លក់ និងថែមទាំងយកលាមកវាទៅលក់ផងដែរ៕