(ស្វាយរៀង)៖ សមត្ថកិច្ចខេត្តស្វាយរៀង បានចាប់ខ្លួនម្ចាស់គណនេយ្យ Facebook ឈ្មោះ គឹម បញ្ញា (Kim Panha) បន្ទាប់ពីបានបង្ហោះសារជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេស នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ការចាប់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយពីមានម្ចាស់ Facebook ឈ្មោះ គឹម បញ្ញា បានបង្ហោះនូវសារជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូល សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ រហូតរកឃើញជនសង្ស័យ នៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ សមត្ថកិច្ចបាននាំខ្លួនមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងតែម្តង។
ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា នៅក្នុងអំឡុងឆ្នាំ២០១៨ ខ្លួនបានចូលធ្វើការនៅក្រុមហ៊ុនកាស៉ីណូ បាវិតម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ពេលនោះខ្លួនបានទិញទូរសព្ទដៃ១គ្រឿង ប្រភេទស្មាតហ្វូន រួចក៏បង្កើតហ្វេសប៊ុក ឈ្មោះ គឹម បញ្ញា (Kim Panha) ហើយពេលដែលខ្លួនបង្ហោះសារលើ Facebook ម្ដងៗ តែងតែជេរព្រះមហាក្សត្រ ជេរសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំប្រទេសផ្សេងៗទៀតជាដើម។
ពាក់ពន្ធ័ទៅនឹងករណីនេះដែរ ជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ។
សូមបញ្ជាក់ថា បើយោងតាម ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ២០០៩ ដែលទើប ត្រូវបានវិសោធនកម្មថ្មី បានបន្ថែមមាត្រាកំណត់ទោសប្រមាថ អង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទួន ៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ ១០លានរៀល»៕