(បន្ទាយមានជ័យ)៖ ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯក ស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ដឹកនាំបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដែលមានសមាជិក-សមាជិកា ចូលរួមជិត ៦០០០នាក់។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តបានយ៉ាងរលូន។
ជាមួយគ្នានេះ ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខដំណែងទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីធនាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាមួយនឹងការបញ្ចុះតំលៃអគ្គិសនី បណ្តាញជាតិដល់គ្រប់ភូមិ នៅឆ្នាំ២០២០ ប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែងតភ្ជាប់ ពីជនបទស្រែចម្ការទៅតំបន់ទីប្រជុំ មានទឹកស្អាតប្រើប្រាស់ និងស្រោចស្រពកសិកម្ម ពង្រឹង ប្រព័ន្ធគាំពារសង្គម។ ល។ «គណបក្សប្រជាជនកម្ពុជាឈ្នះ គឺយើងទាំងអស់គ្នាជាអ្នកឈ្នះ»៕