(ភ្នំពេញ)៖ វិនិយោគិន និងធុរជនចិនប្រមាណជាង ១០០នាក់ មកពីរដ្ឋធានីប៉េកាំង និងតំបន់រដ្ឋបាលពិសេសហុងកុង (នាគអាស៊ី) ដែលសុទ្ធសឹងជាអ្នកវិនិយោគលំដាប់ខ្ពស់ បានធ្វើដំណើរមកប្រទេសមិត្តកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅប្រទេសសន្តិភាពមួយនេះ ដូចជាវិស័យទេសចរណ៍ជាដើម។
ដើម្បីទទួលស្វាគមន៍ចំពោះវិនិយោគិន និងធុរជនចិនខាងលើ ក្រសួងទេសចរណ៍បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council-HKTDC) រៀបចំជំនួបធុរកិច្ចអាហារថ្ងៃត្រង់សម្រាប់ពួកគេ ព្រមជាមួយសន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូវិនិយោគហុងកុង និងប៉េកាំង ដែលដឹកនាំដោយលោក Peter Wong នាយកក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងលោក Li Hengqing ប្រធាននាយកដ្ឋានកិច្ចការសហប្រតិបត្តិការសេដ្ឋកិច្ច នៃការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំង និងបណ្តាវិនិយោគិននៅកម្ពុជា ដោយបញ្ជាក់ថានេះគឺជាជំនួបលើកទី២ បន្ទាប់ពីជំនួបលើកទី១ ខែ្សក្រវាត់ និងផ្លូវ ស្តីពីកិច្ចពិភាក្សាតុមូលលើការវិនិយោគទេសចរណ៍នៅកម្ពុជា ដោយទទួលបានជោគជ័យនៅទីក្រុងហុងកុងកន្លងមក។
លោករដ្ឋមន្រ្តីបានថ្លែងថា ឆ្នាំនេះមិនមែនជាឆ្នាំពិសេសសម្រាប់តែខួប ៦១ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ តែក៏ជាឆ្នាំប្រកាសទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។
កម្ពុជាមានផែនការទាក់ទាញទេសចរអន្តរជាតិឱ្យបានជាង ៧លាននាក់ នៅឆ្នាំ២០២០ (ក្នុងនោះទេសចរចិនប្រមាណ ៣លាននាក់)។
លោករដ្ឋមន្រ្តីបានអំពាវនាវដល់វិនិយោគិនចិន មកពីទីក្រុងហុងកុង និងប៉េកាំង ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាតបៃតង ការច្នៃប្រឌិត (Creative) និងនិវានុវត្តន៍ (Innovative ) ក្នុងយុគសម័យឌីជីថលូបនីយកម្ម (Digitalization)។
តាមរយៈជំនួបជាដៃគូវិនិយោគពីក្រុងហុងកុង និងក្រុងប៉េកាំង បានបង្ហាញនូវការគាំទ្រ និងជឿជាក់លើការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយពួកគាត់បានសម្ដែងនូវឆន្ទៈពិតចេញពីបេះដូងលើស្ថានភាពរីកចម្រើនរបស់កម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានសន្យាជួយសិក្សាលទ្ធភាពរៀបចំគម្រោងវិនិយោគពាក់ព័ន្ធ ពិសេសលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងទេសចរណ៍បៃតង និងឆ្លាតវៃ (Green & Smart Tourism City)៕