(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានបន្តផ្តល់ស្បៀងជូនជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដ សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃបានជាង ៧០០គ្រួសារ ដែលពួកគាត់សុទ្ធសឹងមកពីបណ្តាក្រុង-ស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមជាប្រជាពលរដ្ឋទូទាំងខេត្ត បើពលរដ្ឋមានទុក្ខលំបាក លោកមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងប្រជាពលរដ្ឋជាង៧០០គ្រួសារខាងលើនេះ គឺពួកគាត់សុទ្ធសឹងមានជីវភាពខ្វះខាត មានមុខរបរមិនពិតប្រាកដ និងជនចាស់ជរាទីទ័លខ្លាំង មកពីបណ្តាក្រុង-ស្រុកមួយចំនួនក្នុងខេត្ត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា។
លោកបានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្លះមានកម្លាំងពលកម្មគ្រប់គ្រាន់អាចប្រកបរបរចិញ្ចឹមជីវិតបាន ដូច្នេះប្រជាពលរដ្ឋគួរតែខិតខំប្រកបមុខរបរបន្តទៀត ដើម្បីជួយសម្រួលជីវភាពគ្រួសារ ជាពិសេសអាចជួយសម្រួលបន្ទុករបស់លោក ដែលបាននិងកំពុងទទួលបន្ទុកគ្រួសារជនចាស់ជរា ដែលខ្វះខាតពិតប្រាកដ។
លោកបានសង្កត់ធ្ងន់ថា អង្ករទាំងអស់នេះបានមកតាមរយៈការចែករំលែកមួយផ្នែកពីលោក និងមួយផ្នែកពីសប្បុរសជនដែលមានធនធាន សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ពិតប្រាកដ ដូច្នេះជាក់ស្តែងបើមានគឺត្រូវចែកជូន តែបើអត់ត្រូវគិតបន្តទៀត ត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមកកុំទៅចោលគ្នា។
លោកអភិបាលខេត្ត បានបន្ថែមថា «យើងបានជួបជុំគ្នា មើលឃើញពីសមិទ្ធផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្តបានបន្តចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ទៅតាមសំណូមពរប្រជាពលរដ្ឋបានជាច្រើនករណីផ្សេងគ្នា នៅអគារបុរាណសាលាខេត្តផងដែរ៕