(ព្រះសីហនុ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារលើក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹកស្រស់ ជ្រក់ឪឡឹក បន្លែ ប្រហិត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ រួមមាន៖ តូបលេខ៧៨៧ ចំនួន១៦គីឡូក្រាម, តូបលេខ៧៨៨ ចំនួន១៧,៥០គីឡូក្រាម, តូបលេខ៧៩០ ចំនួន១០គីឡូក្រាម។ សរុបបង្គាត្រូវបានដកហូតទាំងអស់ចំនួន ៤៣,៥០គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី និងបានឲ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។
ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីសាខាកាំកុងត្រូល បានណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕