(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធី «ថ្ងៃពន្ធដារ (TAX DAY)»។ កម្មវិធីនេះ បានប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ស្ថិតនៅ #១៣២, ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានថ្លែងថាកម្មវិធីថ្ងៃពន្ធដារនេះ (TAX DAY) ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយអំពីបទប្បញ្ញត្តិ ប្រកាស និងសេចក្តីជូនដំណឹងថ្មីៗ ស្តីអំពីប្រព័ន្ធពន្ធដារជូនសាធារណជនទូទៅ។ លើសពីនេះទៅទៀត កម្មវិធីក៏បានរៀបចំបង្ហាញពីផលិតផលបច្ចេកវិទ្យាថ្មីៗ ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតឡើង នាពេលកន្លងមក ក្នុងន័យជំរុញភាពងាយស្រួល និងបង្កើនការយល់ដឹងអំពីពន្ធដារ ឱ្យកាន់តែទូលំទូលាយ។
តាមរយៈកម្មវិធីនេះផងដែរ អគ្គនាយកដ្ឋានពន្ធដារ និង JICA បានរៀបចំការផ្សព្វផ្សាយជាសាធារណៈ ដោយមានការផ្តល់ជូនដល់សាធារណជនទូទៅ ដែលបានអញ្ជើញចូលរួមនូវសៀវភៅស្តីពីតួនាទី និងអត្ថប្រយោជន៍នៃពន្ធ និងប្រព័ន្ធពន្ធដារនៅកម្ពុជា ខិត្តប័ណ្ណ បន្ទះស៉ីឌី ផ្ទាំងផ្សព្វផ្សាយ (Poster) និងមានវត្ថុអនុស្សាវរីយ៍មួយចំនួនដូចជា សៀវភៅ ប៊ិច អាវយឺត កែវទឹក និងដបទឹក ដែលវត្ថុអនុស្សាវរីយ៍ទាំងនោះ មានបោះពុម្ពអក្សរ និងសញ្ញាពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការរវាង JICA និងអគ្គនាយកដ្ឋានពន្ធដារ។
ឆ្លៀតក្នុងឱកាសនោះ លោក ព្រាប បូណា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានពន្ធដារ និងជាវាគ្មិន បានបង្ហាញដល់អ្នកចូលរួម អំពីរចនាសម្ព័ន្ធនៃចំណូលចរន្តជាតិ ដែលមានចំណូលសារពើពន្ធ ត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងចំណូលមិនមែនសារពើពន្ធរួមមាន ធនធានធម្មជាតិ ទេសចរណ៍ សម្បទានដីសេដ្ឋកិច្ច ប្រៃសណីយ៍ និងទូរគមនាគមន៍ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈ។ ចំណូលពន្ធដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនឡើងជារៀងរាល់ឆ្នាំ និងថែមទាំងលើសផែនការ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។
លោកថា លទ្ធផលដ៏ប្រសើរនេះ បានមកពីការខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការកែទម្រង់រដ្ឋបាលសារពើពន្ធ និងគោលនយោបាយសារពើពន្ធ ព្រមទាំងការធ្វើទំនើបកម្មពន្ធដារ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយសម្រួលក្នុងការផ្តល់សេវាដល់អ្នកជាប់ពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គុណភាពខ្ពស់ រហ័ស សាមញ្ញ និងស័ក្កិសិទ្ធិភាព។ លោក ព្រាប បូណា បានបន្តបង្ហាញជូនផងដែរ អំពីរបបកំណត់ពន្ធ និងប្រភេទពន្ធអាករ ដែលបាននឹងកំពុងអនុវត្តន៍នៅប្រទេសកម្ពុជា ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងបានសំណូមពរ ឱ្យចូលរួមបង់ពន្ធទាំងអស់គ្នា ដើម្បីកម្ពុជាកាន់តែរីកចម្រើន។
ជាកិច្ចបញ្ចប់នៃកម្មវិធី លោក Mutoh Shizuki ប្រធានទីប្រឹក្សាទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់តំណាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានយកចិត្តទុកដាក់រៀបចំបង្គើត កម្មវិធីថ្ងៃពន្ធដារនេះ (TAX DAY) ដោយមានការរៀបចំសម្ភារៈផ្សព្វផ្សាយ ស្តីពីពន្ធដារដល់សាធារណជនដើម្បីស្វែងយល់បន្ថែម។
លោកបានចាត់ទុកថា លទ្ធផលការងារនេះ កើតចេញពីកិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ជាពិសេសក្រុមការងារ របស់ការិយាល័យទំនាក់ទំនងសាធារណៈ នៃនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ដែលបានចូលរួមយ៉ាងសកម្ម និងមាននាយកដ្ឋាន នីតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ជាអ្នកសម្របសម្រួល ទើបធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ៕