(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាឯកជន ១០៦ជាសមាជិក បានប្រកាសប្តេជ្ញាធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក នីតិកាលទី៣ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះឱ្យបានល្អប្រសើរ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានលោក ហេង វណ្ណដា ជាប្រធានបានឱ្យដឹងថា ខ្លួនបានចាត់តាំងសមាជិក ២៣៤នាក់ ដែលជានិស្សិត សាស្ត្រាចារ្យ បញ្ញវន្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្របដណ្តប់តាមការិយាល័យបោះឆ្នោតទាំង ២៥រាជធានី-ខេត្ត ទូទាំងប្រទេសជាលក្ខណៈចល័ត និងអចល័ត ដើម្បីធ្វើជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ។
យោងតាមសេចក្តីថ្លែងការណ៍នេះ សមាគមក៏បានឱ្យដឹងផងដែរថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ សមាជិកសមាគមបានជួបជុំប្រារព្ធពិធី«ថ្ងៃប្តេជ្ញាចិត្តពណ៌ខៀវ» នៅទីស្នាក់ការសមាគម។ ការជួបជុំគ្នានេះ សមាជិកបានប្តេជ្ញាធ្វើជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង/ខណ្ឌ/ស្រុក នីតិកាលទី៣ ឆ្នាំ២០១៩ ឲ្យបានល្អ ដោយតាមឃ្លាំមើល៖ បរិស្ថាននយោបាយមុន និងក្រោយការបោះឆ្នោត, ការចុះឈ្មោះគណបក្ស, ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ, ការឃោសនារកសម្លេងឆ្នោត, ដំណើរការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត, និងការផ្សព្វផ្សាយលទ្ធផល។ល។
ក្នុងសេចក្តីថ្លែងការណ៍សមាគមក៏បានបញ្ជាក់ផងដែរពីជំហររបស់ខ្លួនក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹិក្សាអាណត្តិទី៣នេះ។ ជំហរ និងបំណងរបស់ខ្លួនមានចំនួន៣រួមមាន៖
១៖ ចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។
២៖ ចូលរួមកសាង៖ សន្តិភាព, ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងសុខុមាលភាព សង្គមជាតិ ក្រោមបារមីនៃព្រះស្វេតច្ឆត្ររាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
៣៖ តាមឃ្លាំមើលររព្យាក្រឹត្យភាព នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕