(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្ដៃយ៍ គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ឧបនាយករដ្ឋមន្រ្តី តំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដែលមានសមាជិក-សមាជិកាចូលរួមជាង ១០០០នាក់។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងដោយកោតសរសើ និងវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថ យោធា អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ បានរួមចំណែកអនុវត្តគោលនយោបាយបក្ស និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបរិស្ថាននៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តិទៅដោយសេរី និងមានសុវត្ថិភាព។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា ប្រាប់ឲ្យបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ត្រូវតែខុសត្រូវគ្រប់គ្រងសតិអារម្មណ៍វត្តមានថែទាំសុខភាព អង្គបោះឆ្នោត ពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំមានផែនការ និងវិធានការណ៍ហ្មត់ចត់ ក្នុងការចលនារក្សាបាននូវសន្ទស្សន៍សំលេងគាំទ្រ តាមផែនការដែលបានកំណត់។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំពាវនាវដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវអនុវត្តន៍ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឲ្យបានល្អធានាបាននូវការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា ដើម្បីបន្តសន្តិភាពការអភិវឌ្ឍ និងភាពសុខសាន្តជូនប្រជាលរដ្ឋយើង និងទទួលបានការគាំទ្រកាន់តែច្រើន ពីសាធារណមតិជាតិ និងអន្តរជាតិ៕