(ភ្នំពេញ)៖ ប្រតិកម្មជាច្រើននៅលើបណ្តាញសង្គម Facebook បានផ្ទុះឡើងជាបន្តបន្ទាប់ក្រោយពេលឃើញបង្កាន់ដៃស្ពាន «ត្សឹបាសា» ឬស្ពានអ្នកលឿង បានរងការខូចខាតជាច្រើន។ ការខូចខាតទាំងនេះ ត្រូវបានគេអះអាងថា បណ្តាលមកពីរថយន្តដឹកជញ្ជូនទំនិញធ្ងន់ៗ ក៏ដូចជារថយន្តដឹកដី ដឹកខ្សាច់ជាដើម បានបើកជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឱ្យខូចខាត។
ស្ពាន «ត្សឹបាសា» ជាស្ពានដែលសាងសង់ឡើងដោយជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនតម្លៃជិត ១០០លានដុល្លារ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៥ ក្រោយពេលចំណាយពេលសាងសង់ប្រមាណជា ៥ឆ្នាំ។ ស្ពានឆ្លងកាត់ទន្លេមេគង្គវែងជាងគេនៅកម្ពុជាមួយនេះ បានផ្តល់នូវសារប្រយោជន៍យ៉ាងធំធេងសម្រាប់កម្ពុជា ទាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូន។ ជាពិេសសបិទបញ្ចប់ទុកវេទនា ដែលធ្លាប់តែប្រើស្រឡាងសម្រាប់ឆ្លងកាត់ទន្លេនោះ។
នៅលើបណ្តាញសង្គម Facebook ប្រជាពលរដ្ឋខ្មែរបានសរសេរសារបង្ហាញការខឹងសម្បាផ្សេងៗគ្នា ចំពោះជនដែលបានធ្វើឱ្យស្ពាននេះខូចខាត។ ពួកគេបានលើកឡើងថា រាជរដ្ឋាភិបាលជប៉ុនប្រឹងសាងសង់ស្ពានឱ្យប្រើហើយ មិនគួរណាមិនរួមគ្នាថែរក្សា និងប្រយ័ត្នប្រយែងក្នុងពេលបើកបរ ដើម្បីបញ្ចៀសការបង្កហេតុនាំឱ្យខូចខាតស្ពាន។
ទន្ទឹមនឹងការប្រតិកម្មនេះ មហាជនក៏បានសម្តែងការងឿងឆ្ងល់ផងដែរថា ស្ពាននេះបានរងការខូចខាតយូរខែដែរហើយតែមិនឃើញមន្ត្រីជំនាញចុះពិនិត្យ ឬជួសជុលសោះ។
ឆ្លើយតបចម្ងល់នេះមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់អង្គការ JICA រួមនឹងមន្ត្រីមន្ទីរសាធារណការខេត្តព្រៃវែង បានចុះពិនិត្យរួចរាល់ហើយ ហើយគ្រោងនឹងចុះទៅជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះថា «សូមជម្រាបជូនថា ករណីនេះ បង្កការខូចខាតដោយរថយន្តធន់ធ្ងន់ ដែលយោងតាមការងារបច្ចេកទេសត្រូវគិតដល់ផលប៉ះពាល់ structure របស់ស្ពាន។ ហេតុនេះហើយរយៈពេលកន្លងមកយើងបានស្នើសុំកិច្ចសហការពី JICA ដើម្បីចាត់តំណាងចុះមកជួយពិនិត្យផ្តល់យោបល់»។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ឆ្លើយតបសំណើនេះ JICA បានចាត់ទីប្រឹក្សាជាន់ខ្ពស់លោក Furuki មកពីជប៉ុន ដើម្បីពិនិត្យលម្អិត ផ្តល់យោបល់លើការរៀបចំនីតិវិធីជួសជុល និងសុវត្ថិភាពការដ្ឋាន។ បន្ទាប់មកទៀត លោក Furuki បានណែនាំឱ្យមន្ត្រីជំនាញរបស់នាយកដ្ឋានផ្លូវល្បឿនលឿន ស្ពាន និងវិនិយោគ ធ្វើការសិក្សាបន្តជាមួយលោក Horigome អ្នកជំនាញការស្ពាន។
«ជារួមនាយកដ្ឋានផ្លូវល្បឿនលឿន ស្ពាន និងវិនិយោ នៃអគ្គនាយកដ្ឋាន សាធារណការ បានសហការជាមួយតំណាង JICA ចុះសិក្សាទីតាំង ពិនិត្យវាយតម្លៃ និងប្រជុំពិភាក្សា ឆ្លើយឆ្លងយោបល់ជាច្រើនលើករួចមកហើយ ព្រមទាំងបានឯកភាពគ្នាលើការងារបច្ចេកទេស ការងារសុវត្ថិភាពការដ្ឋាន ដោយមានកិច្ចសហការពីមន្ទីរសាធាការព្រៃវែងផងដែរ»។ លោក សុទ្ធាយុត្តិ បញ្ជាក់បន្ថែម។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងដែរថា ទីតាំងនេះខូចនោះមានខ្សែអគ្គិសនីរត់កាត់ក្បែរ ដូច្នេះខាងនាយកដ្ឋានជំនាញ បានទាក់ទង និងបានស្នើសុំកិច្ចសហការពីអគ្គិសនីព្រៃវែងរួចរាល់ហើយ ក្នុងការបិទបណ្តោះអាសន្ននូវចរន្តអគ្គិសនី ក្នុងកំលុងពេលអនុវត្តការងារនាពេលខាងមុខនេះ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងរៀបចំក្រុមបច្ចកទេសដើម្បីចុះអនុវត្តការងារជួសជុលឆាប់ៗខាងមុខនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែកនេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងចុះទៅពិនិត្យកន្លែងរងការខូចខាតនោះផងដែរ៕