(កំពង់ស្ពឺ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីអបអរ ខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ដោយប្រមូលថវិកាសប្បុរសបានចំនួនជាង ២៤ម៉ឺនដុល្លា សម្រាប់គាំទ្រកិច្ចការមនុស្សធម៌។
ពិធីនេះដែរ ធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អមដំណើរដោយលោក វ៉ី សំណាង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមជាមួយមន្ត្រីរាជការ ក្រុមហ៊ុន អាជីវករ និងសប្បុរសជនប្រម៉ាណជាង ៣០០០នាក់ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ។
លោក ហ៊ុន ម៉ានី បានថ្លែងថា ការងារស្ម័គ្រចិត្តរបស់យុវជន បានជំរុញឲ្យកិច្ចការមនុស្សធម៌ទូលំទូលាយ ហើយយុវជនយើងត្រូវបន្តចូលរួមជាមួយអាជ្ញាធរ អប់រំច្បាប់ចរាចរឲ្យបានទៀងទាត់ ដល់មហាជនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ។
លោកតំណាងរាស្ត្របានរំលឹកថា យុវជនពិតជាបានរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៍ ទង្វើនេះបានបង្ហាញថា បងប្អូនប្រជាពលរដ្ឋ យុវជនបានស្គាល់អំពីកាកបាទក្រហមកម្ពុជា ស្របតាមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»។
លោក វ៉ី សំណាង បានលើកឡើងថា ផ្អែកលើយុទ្ធសាស្ត្រ ឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ផែនការអភិវឌ្ឍន៍សាខាប្រចាំឆ្នាំ បានសម្រេចនៅស្នាដៃក្នុងសកម្មភាពមនុស្សធម៍ ក្នុងនោះសាខាបានត្រៀមស្បៀង និងសម្ភារៈសម្រាប់ឆ្លើយតបជាបន្ទាន់ នោពេលមានគ្រោះមហន្តរាយផ្សេងៗ គិតជាមធ្យមប្រមាណ ១,០០០គ្រួសារ ។
កាកបាទក្រហមខេត្តកំពង់ស្ពឺ បានឆ្លើយតបទាន់ពេលវេលា ទៅនឹងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ក្នុងនោះកិច្ចការសង្គ្រោះក្នុងគ្រោះថ្នាក់ចរាចរតាមដងផ្លូវ ជនចាស់ជរា ជនងាយរងគ្រោះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ឆ្នាំនេះកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីអបអរ ខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ«ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ទទួលបានប្រាក់ឧបត្ថម្ភពីសប្បរសជាង២៤ម៉ឺនដុល្លា សម្រាប់បំពេញកិច្ចការមនុស្សធម៍ ៕