(បុត្រាចាយ៉ា-ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត TUN Dr. Mahathir Mohamad នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងបានអនុញ្ញាតជាគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមទទួលទានអាហារស្រាយបួសមិត្តភាពជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី និងតំណាងមកពី១២ប្រទេស ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងរាជរដ្ឋាភិបាលបុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីបាននាំអនុសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានកោតសរសើរដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ទំនាក់ទំនងការទូតយ៉ាងល្អប្រសើរ រវាងប្រទេសថ្នាក់ដឹកនាំ និងប្រជាជន នៃប្រទេសទាំង២ ក៏ដូចជាទំនាក់ទំនង នៃភាពជាបងប្អូនជាមួយថ្នាក់ដឹកនាំ និងសហគមន៍ខ្មែរឥស្លាមជាដរាបតរៀងមកផងដែរ។
ស្របជាមួយគ្នានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអបអរសាទរដល់ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ទំនុកចិត្តតែងតាំងជាបេសកជនពិសេសតំណាងកម្ពុជា ប្រចាំនៅអង្គការ OIC ដែលជាអង្គការធំទី២ លើពិភពលោកបន្ទាប់ពីអង្គការ UN។
លោកក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងសម្តែងនូវការកោតសរសើរដល់សម្តេច ចំពោះវីរភាព អង់អាចក្លាហាន និងការដឹកប្រទេសឆ្ពោះទៅរកការរីកចម្រើនជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព និងគោលនយោបាយសុខដុមបនីយកម្ម៕