(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានស្នើឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែការពារអាជីពរបស់ខ្លួន ជាគ្រូពេទ្យដ៏ល្អ តាមរយៈការផ្តល់តម្លៃឲ្យខ្លួនឯង ការប្រតិបត្តិនូវក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រូពេទ្យ ផ្តល់ទំនួលខុសត្រូវ និងទំនុកចិត្តចំពោះអ្នកជំងឺ។
ការស្នើយ៉ាងដូច្នេះរបស់លោកស្រី អ៊ឹង កន្ថាផាវី បានធ្វើឡើងក្នុងឱកាសដែល អញ្ជើញប្រគល់វិញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្ររងបច្ចេកទេស មន្ទីរពិសោធន៍ ឱសថការីមធ្យម និងថ្នាក់បរិញ្ញាបត្ររងឆ្មប នៃសាកលវិទ្យាល័យអន្តជាតិ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ដ្រី បានបញ្ជាក់ថា លោក លោកស្រី អ្នកនាង កញ្ញា ជាគ្រូពេទ្យ មានតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនសុខមាលភាព នៅក្នុងសង្គមទាំងមូល ដូច្នេះត្រូវតែខិតខំការពារ ឱ្យមានតម្លៃឡើងវិញ ឲ្យអ្នកជំងឺមានទំនុកចិត្តឡើងវិញ ដើម្បីធានាបានថា វិស័យសុខាភិបាលរបស់យើង នឹងមានភាពប្រសើរឡើងវិញជាលំដាប់។
លោកស្រី អ៊ឹង កន្ថាផាវី បានបន្ថែមទៀតថា ជាពិសេសការបង្កើនសមត្ថភាព ឲ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែង នៃការវិវត្តរបស់ជំងឺនាពេលបច្ចុប្បន្ន។
លោកស្រីបានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា មានវិបត្តិមួយ នៅលើការទុកចិត្តចំពោះវេជ្ជបណ្ឌិតខ្មែរយើង ពីអ្នកជំងឺ ដែលពួកគេមួយចំនួន បានងាកទៅរកសេវាព្យាបាល នៅក្រៅប្រទេស ក៏ដោយសារ ការមិនទុកចិត្ត ព្រោះមានគ្រូពេទ្យខ្លះ មិនរក្សាក្រមសីលធម៌ ឬ អាជីពរបស់គាត់ឲ្យបានត្រឹមត្រូវ និងមានគ្រូពេទ្យមួយចំនួនទៀតអត់ចេះ តែធ្វើចេះ ដែលនាំឱ្យមានគ្រោះថ្នាក់ ដល់អាជីពជាគ្រូពេទ្យរបស់យើង។
ជាមួយគ្នានោះ លោកស្រី អ៊ឹង កន្ថាផាវី មានជំនឿថា ក្រុមគ្រូពេទ្យ ដែលទទួលបានការបណ្តុះបណ្តាលនូវចំណេះដឹង និងជំនាញត្រឹមត្រូវ នឹងរួមគ្នាការពារនូវអាជីព ក្នុងវិស័យសុខាភិបាល ដោយធានាបានទាំងគុណភាព សមត្ថភាព និងវិជ្ជាជីវៈ និងក្រមសីលធម៌។
បើតាមលោក សាបូ អូសាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ បានលើកឡើងថា នេះជាលើកទី១៧ហើយ ដែលមាននិស្សិតចំនួន ៥២២៩នាក់ បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ ចេញទៅចូលរួមបំរើការងារ ក្នុងវិស័យសុខាភិបាល ទាំងរដ្ឋនិងឯកជន។ ពួកគេសុទ្ធតែទទួលបានចំណេះដឹងជំនាញ លើផ្នែកសុខាភិបាលយ៉ាងពិតប្រាកដ។
លោក សាបូ អូសាណូ បញ្ជាក់ថា សម្រាប់ពេលនេះ មាននិស្សិតចំនួន ៤៣១នាក់ ក្នុងនោះស្រី ចំនួន២២២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយពួកគេនឹងចូលរួមលើកកម្ពស់វិស័យសុខាភិបាលរបស់កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងវិស័យសុខាភិបាល និង វិស័យអប់រំនៅកម្ពុជា៕