(កណ្ដាល)៖ ដើម្បីពង្រីកទីតាំងឱ្យជិតបង្កើយជាមួយអតិថិជន ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុនជីហ្គៀ (G Gear) នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ (ជាសាខាទី៩នៅកម្ពុជា) ដែលមានអាសយដ្ឋានផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល រួមជាមួយវត្តមានលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear និងលោក ស៊ុង ស៊ុខគីម អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានសរុបជាង២០០នាក់។
លោកឧកញ៉ា សុខ ពិសិដ្ឋ បានឱ្យដឹងថា ដោយសារតែមើលឃើញពីតម្រូវការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិចមានការកើនឡើង ទន្ទឹមនឹងភាពរីកចម្រើនព្រមទាំងសក្តានុពល កំពុងតែមានសន្ទុះនៅក្នុងតំបន់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបក្រុមហ៊ុន G Gear និងក្រុមហ៊ុន LG Electronics បានសម្រេចចិត្តបើកបន្ថែមនូវសាខា LG BRANDSHOP ថ្មីមួយទៀតនៅក្រុងតាខ្មៅ ដើម្បីជួយសម្រួលដល់អតិថជនឱ្យកាន់តែមានភាពងាយស្រួយ ក្នុងការស្វែងរកឧបករណ៍អេឡិចត្រូនិច ប្រើប្រាស់ប្រកបដោយគុណភាព។
លោកឧកញ៉ាបានបន្តថា LG BRANDSHOP ក្រុងតាខ្មៅ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ឧបករណ៍អេឡិចត្រូនិចរបស់ LG ទាំងអស់ដែលមានដូចជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍បំពងសំឡេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗចុងក្រោយគេបង្អស់របស់ LG។
លោកឧកញ៉ា សុខ ពិសិដ្ឋ បានលើកឡើងទៀតថា LG BRANDSHOP បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់នូវបទពិសោធន៍ថ្មីៗ នៃការលក់ផលិតផល LG បង្ដើតនូវបណ្ដាញសេវាកម្មសម្រាប់អតិថិជនដ៏ល្អ និងជាកន្លែងសម្រាប់ស្វែងយល់ពី បច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ដូចបណ្ដាប្រទេសនានានៅលើពិភពលោក។
លោកបន្តទៀតថា LG BRANDSHOP នៅតែបន្ដតួនាទី និងបេសកម្មរបស់ខ្លួន ដើម្បីកសាងទំនុកចិត្ត និងផ្ដល់នូវផលិតផលដែលមានការធានាត្រឹមត្រូវជូនអតិថិជន ដោយផ្ដោតសំខាន់លើគោលការណ៍ ៣ចំណុច រួមមាន៖ ទំនិញមានគុណភាព សេវាកម្មល្អ និងតម្លៃសមរម្យ។
លោក ស៊ុង ស៊ុខគីម អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ចក្ខុវិស័យរបស់ LG អេឡិចត្រូនិច គឺការបង្កើតជីវិតកាន់តែប្រសើរជាមួយអតិថិជន។ វាជាសារដ៏សាមញ្ញមួយ ប៉ុន្តែក្រុមហ៊ុន LG បានចាប់ផ្តើមផ្ដល់ជូនវាជាមួយអតិថិជនរួចមកហើយ ដូច្នេះទីតាំងថ្មីនេះ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់អតិថិជន ដើម្បីទទួលយកផលិតផល LG និងធ្វើការសម្រេចចិត្តយ៉ាងងាយស្រួល។
លើសពីនេះទៀត លោក ស៊ុង បានថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នា សម្រាប់ការគាំទ្រ ព្រមទាំងផ្តល់នូវទំនុកចិត្ត ចំពោះផលិតផលម៉ាក LG នៅកម្ពុជា ដែលជាផ្នែកមួយជួយជំរុញឱ្យ LG ពង្រីកបណ្តាញកាន់តែច្រើនដូចជា បណ្តាហាងលក់រាយ និងហាង LG Brandshops នៅទូទាំងប្រទេស។
ការសម្ពោធហាងថ្មីរបស់ LG BRANDSHOP នេះ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់លោកស្រី ហ៊ុន កុសនី ក្នុងនាមតំណាងរដ្ឋបាលខេត្តកណ្ដាលផងដែរ។
លោកស្រីអភិបាលរងខេត្តក៏មានការអំពាវនាវ និងស្វាគមន៍ចំពោះក្រុមហ៊ុនដទៃទៀត ដែលចង់ពង្រីកសាខារបស់ខ្លួននៅក្រុងតាខ្មៅ និងខេត្តកណ្ដាលផងដែរ ខណៈខេត្តមួយនេះក៏កំពុងមានសក្តានុពលកាន់តែឈានឡើងលើគ្រប់វិស័យ។
ក្នុងឱកាសបើកសម្ពោធសាខាថ្មីនៅក្រុងតាខ្មៅនេះផងដែរ LG BRANDSHOP មានការដាក់លក់បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ទៅ ២០% ការថែមជូនកាដូភ្លាមៗជាច្រើនដោយឥតកំណត់យ៉ាងសន្ធឹបសន្ធាប់ ដូចជាគ្រឿងសម្អាងពីប្រទេសកូរ៉េមួយឈុត ដបទឹក LG ដ៏ស្រស់ស្អាត អាវយឺត និងមួក LG ជាដើម ព្រមទាំងមានកម្មវិធីលេងកម្សាន្ដជាច្រើនផ្សេងទៀត ចាប់ផ្ថើមពីថ្ងៃទី២៣-២៦ ខែឧសភា ឆ្នាំ២០១៩ នៅ LG BRANDSHOP ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកអ្នកក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 016 882 129។
សូមបញ្ជាក់ថា ហាងទំនើប LG BRANDSHOP មានវត្ថមានមុខដំបូងគេបង្អស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ មករហូតដល់ពេលបច្ចុប្បន្ន។ ហាងទំនើប LG BRANDSHOP មានសាខាសរុបចំនួន ៩សាខា ទូទាំងប្រទេសកម្ពុជាដូចជារាជធានីភ្នំពេញមាន ៤សាខា និងតាមបណ្ដាខេត្តមួយចំនួន ដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ និងសាខាថ្មីនៅក្រុងតាខ្មៅ ខេត្តកណ្ដាលនេះជាសាខាទី៩របស់ហាងទំនើប LG BRANDSHOP៕