(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកបណ្ឌិត អ៊ីតូមិមប៉េអ៊ិ (Dr. lto Minpei) ប្រធានដឹកនាំក្រុមការងារ ត្រៀមការសិក្សាស្រាវជ្រាវទីភ្នាក់ងារ សហប្រតិបត្តិការអន្ដរជាតិជប៉ុន JICA (ប្រទេសជប៉ុន) នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯក ក្រោយពីសិក្សាស្រាវជ្រាវ អស់រយៈពេល១២ខែបានបញ្ចប់។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគាំទ្រ ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សំខាន់ៗ ជាក់ស្តែងគម្រោងកែលម្អប្រព័ន្ធទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះ បានផ្តោតសំខាន់ទៅលើការធ្វើឲ្យប្រសើរឡើង និងការកែលម្អបរិស្ថានទីក្រុង ប្រកបដោយប្រសិទ្ធភាពនិរន្តរភាព និងការពារបរិស្ថានព្រមទាំងបានលើកកម្ពស់ ដល់សោភ័ណភាពរាជធានីភ្នំពេញ សម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងបរិស្ថានស្អាតប្រកបដោយផាសុខភាព ជាពិសេសផ្តល់ភាពរីករាយ ដល់ប្រជាពលរដ្ឋថែមទៀត។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែលើកទឹកចិត្តឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលរាជធានីភ្នំពេញ លើការភិវឌ្ឍន៍កសាងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួន តាមរយៈកិច្ចសហប្រតិបត្តិការជំនួយហិរញ្ញប្បទាន កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការការទូត ដែលជាការរួមចំណែកយ៉ាងសកម្ម ក្នុងការស្តារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ កាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានថ្លែងអំណរគុណ ដល់ក្រុមការងារគម្រោងរបស់ JICA មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ីធីអាយ (CTI) ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ អស់រយៈពេល១២ខែ រហូតបានបញ្ចប់ការសិក្សា និងដាក់ចេញជារបាយការណ៍បញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯក ហើយឈានមកដល់ការចុះហត្ថលេខា លើព្រមព្រៀងរវាងភាគីទាំងពីរនាពេលនេះ។

លោកអភិបាលរាជធានី បានលើកឡើងថា គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូ ទឹកកខ្វក់នៅបឹងជើងឯក នឹងត្រូវក្លាយជាគម្រោងគំរូដំបូងបង្អស់ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ លើការកែឆ្នៃទឹកកខ្វក់ ក្នុងបរិមាណ៥,០០០ម៉ែត្រគូប/ថ្ងៃ ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយ ការបំពុលបរិស្ថានមួយកម្រិតធំ នៅភាគខាងជើងនៃរាជធានីភ្នំពេញ។ លោកសង្ឃឹមថា គម្រោងនេះនឹងត្រូវបានអនុម័តជាផ្លូវការ ពីរាជរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិត អ៊ី តូមិមប៉េអ៊ិ (Dr. lto Minpei) បានលើកឡើងថា ជាតិពុលដែលហូរចូល ទៅក្នុងទន្លេបឹងបួរ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរ និងសត្វយ៉ាងខ្លាំងក្លា។ តាមលទ្ធផលនៃការស្រាវជ្រាវ ការស្តារបរិស្ថានឡើងវិញ គឺត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ។ បញ្ហានេះ ចំណុចសំខាន់យើងត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹក នៅតំណាក់កាលបឋម ដើម្បីទប់ទល់ការចំណាយច្រើននេះ។

លោកបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯកនេះ អាចបន្សុទ្ធទឹកកខ្វក់បាន ក្នុងមួយថ្ងៃ៥,០០០ម៉ែត្រគីប។ ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូង ហើយផ្នែកខាងជើង យើងក៏នឹងចូលរួមធ្វើការអភិវឌ្ឍន៍ផងដែរ។ លោកបានបញ្ជាក់ផងដែរថា ក្រោយការចុះហត្ថលេខា លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯកនេះរួច យើងនឹងបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើការអនុម័តចុងក្រោយ៕