(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានថ្លែងថា វិមានឈ្នះ-ឈ្នះកំពុងឆ្លុះបញ្ចាំងនូវគំនិត និងប្រវត្តិដ៏ច្រើន ពីធាតុចេញជាមួយធាតុចូលដែលទទួលបាន ហើយវិមានឈ្នះ-ឈ្នះ មានចម្លាក់បីប្រភេទ គប្បីចងចាំ។
បើតាមនាយឧត្តមសេនីយ៍ ដែលជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានគូសបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ មានចម្លាក់បីប្រភេទរួមមាន៖
*ទី១៖ ចម្លាក់ប្រភេទចម្លង ដែលមានរូបតោ នាគ ទេវតា និងយក្ស... ដែលបង្ហាញ ពីវប្បធម៌បុរាណកាល និងអត្ថន័យទាក់ទងនឹងសម័យកាលរុងរឿងតំណាងធាតុស្តុកស្តម្ភផ្សេងៗ។
*ទី២៖ ចម្លាក់ដែលមានរឿងរ៉ាវជាប្រវត្តិសាស្ត្រ ហើយបានឆ្លាក់ដោយយកតាមប្រវត្តិជាក់ស្តែង និងព្រឹត្តិការណ៍ដែលមាននៅក្នុងកម្ពុជារបស់យើងតាមដំណាក់កាលនីមួយៗ និងមានឆ្លាក់នៅតាមជញ្ជាំងដូចជា ព្រឹត្តិការណ៍ទសវត្សរ៍ ៨០-៩០ និងព្រឹត្តិការណ៍សម័យកាលថ្មី ស្តីពីការទទួលបាននូវសមិទ្ធផលដោយសន្តិភាពជាដើម។
*ទី៣៖ ចម្លាក់ថ្មី ចម្លាក់ដែលមិនធ្លាប់មាន និងចម្លាក់ដែលពោរពេញដោយអត្ថន័យយ៉ាងធំធេង និងស៊ីជម្រៅដល់ការដឹកនាំដ៏ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងជាតឹកតាងជាក់ស្តែង នៃការសម្រេចបាននូវសុខសន្តិភាពពេញលេញ បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង។ នោះគឺជារឿងរ៉ាវនៃនយោបាយឈ្នះ-ឈ្នះ និងប្រវត្តិការណ៏ដឹកនាំរបស់តេជោសែន ដ៏ជាញជ័យ ដែលបានចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ រហូតមកដល់បច្ចុប្បន្ន និងតាមដំណាក់កាលនីមួយៗ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងទៀតថា ចម្លាក់ទាំងអស់នោះរួមមាន៖ ចម្លាក់ឯកោ សមាហរណកម្ម ផ្តែរដែលបង្ហាញនូវសុខដុមនីយកម្មសាសនា សុខដុមនីយកម្មប្រវត្តិសាស្ត្រជាតិ និងខ្លឹមសារ នៃនយោបាយឈ្នះ-ឈ្នះ រួមទាំងយុទ្ឋសាស្ត្រ DIFID និងចម្លាក់ដែលចេញពីគំនូរផុសឡើងពី គំនិតដោយការរកឃើញនូវដំណើរការចាកចេញសម្រាប់ការដឹកនាំដែលមានទីតាំង អគារ ភូមិសាស្ត្រជាក់ស្តែងដែលនៅមាន ជាតឹកតាងពិតប្រាកដនោះគឺប្រវត្តិដែលមាននៅកោះថ្មី X16 ដើមត្រយឹង ព្រំដែននៅតាមភូមិសាស្ត្រក្នុងទឹកដីវៀតណាម។
បើតាមនាយឧត្តមសេនីយ៍ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោកស្រី, ពួកគាត់មានការចាប់អារម្មណ៍ដ៏សំខាន់ លើចម្លាក់ និងទម្រង់ទាំងអស់ ក្នុងនោះគឺទាក់ទងនឹងចម្លាក់ ដែលមានប្រវត្តិជាលក្ខណៈបុរាណ គឺបានយល់ច្បាស់ភ្លាមៗ ហើយមានការកោតសរសើរមួយចំណែកធំ ប៉ុន្តែការចាប់អារម្មណ៍ដ៏ជ្រៅ រហូតដល់ទាញកាមេរ៉ាថត និងប្រាប់សហការីកត់ត្រាយក ព័ត៌មានបន្ថែម គឺចម្លាក់ថ្មីៗដែលបានរៀបចំឡើងស្តីពីអត្ថន័យ នៃនយោបាយឈ្នះ-ឈ្នះ ដូចបានរៀបរាប់ខាងលើ រួមទាំងខ្លឹមសារពាក្យពេចន៍ទាំងឡាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលចារឹកជាសិលាចារឹកនៅទីនោះ។
ការចាប់អារម្មណ៍របស់ប្រមុខដឹកនាំ នៃប្រទេសមួយ ជាដំបូងនេះបានធ្វើឲ្យវិមានឈ្នះ-ឈ្នះ កំពុងកាន់តែក្លាយនិងឆ្លុះបញ្ចាំនូវគំនិត និងព្រលឹងនៃប្រវត្តិដ៏ច្រើនតទៅមុខទៀត ហើយអាចប្រសិទ្ធិនាមផងដែរថា «វិមានឈ្នះ-ឈ្នះ គឺជាទីតាំងសម្រាប់មនុស្សគ្រប់គ្នា សម្រាប់ពេលវេលារាល់ថ្ងៃ និងសម្រាប់ភាពជាអមតៈតទៅមុខ (Win-Win Memorial is for every day, for every one and forever)»៕