(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រុមហ៊ុនលក់គ្រឿងសំណង់ បុកម៉ូតូសេ១២៥ បណ្តាលឲ្យនិស្សិតស្រីម្នាក់ស្លាប់យ៉ាងអណោចអធ័ម ខណៈម្តាយរងរបួសធ្ងន់បាក់ឆ្អឹង ដងកាំបិត កាលពីសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅតាមផ្លូវ៤១ ចំណុចភូមិក្រាំងសរសរ ឃុំស្វាយរំពេរ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ តុលាការខេត្តគ្រោងប្រកាសសាលក្រម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ខាងមុខ ខណៈសំណងសូម្បីតែមួយរៀល មិនទាន់បានប្រគល់ជូនសាច់ញាតិសព និងជនរងគ្រោះនោះទេ។

អស់រយៈពេលជិត ៥ខែកន្លងមកហើយ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយនេះ នៅមិនទាន់ដោះស្រាយចប់នៅឡើយ ដោយសំណុំរឿងបានឆ្លងកាត់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កន្លងមកថ្មីៗនេះ ក្នុងបំណងរកដំណោះស្រាយបញ្ចប់រឿង និងដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ២នាក់ម្តាយកូន តែត្រូវបានអាក់ខានទៅវិញ ដោយអវត្តភាពម្ចាស់ក្រុមហ៊ុន មិនបានចូលខ្លួនបំភ្លឺនៅតុលាការ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នេះឈ្មោះ ជា ហ៊ុយណា ចំណែកម្តាយរងរបួសធ្ងន់គឺអ្នកស្រី សួស ស្រីពៅ អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3C-4356 ដឹកការ៉ូរបស់ក្រុមហ៊ុន។

មន្រ្តីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សំណុំរឿងខាងលើ មិនមានចំណាត់ការរយៈពេល ៤ខែមកហើយ ទើបត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ បើកសវនការនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ដែលមានលោក អ៊ី សាវិញ ចៅក្រមជំនុំជំរះ និងលោក ខៃ សម្ភស្ស ជាតំណាងអយ្យការ តែអាក់ខានទៅវិញ ខណៈដែលអវត្តមានថៅកែក្រុមហ៊ុន។

ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏ធ្លាប់បានជួយពន្លឿន និងជំរុញស្នើសុំប្រព័ន្ធតុលាការជួយរកសំណង និងយុត្តធម៌ជូនរងគ្រោះដែលស្លាប់គួរឲ្យសង្វេគ ដែលជាគ្រួសារក្រីក្រ សង្ឃឹមលើកូនស្រីម្នាក់នេះ ដើម្បីទ្រទ្រង់គ្រួសារ តែបែរមកជួបគ្រោះអកុសលត្រូវរថយន្តបុកស្លាប់យ៉ាងដូច្នេះ។

ភាគីខាង ជនរងគ្រោះសង្ឃឹមថា តុលាកាខេត្តកំពង់ស្ពឺ នឹងផ្តល់ភាពយុត្តិធម៌ ដល់ជនរងគ្រោះ ២នាក់ម្តាយកូន (ស្លាប់កូនស្រី ម្តាយរបួសបាក់ឆ្អឹងដងកាំបិត )
ដើម្បីទទួលបានសំណងរដ្ឋប្បវណី៕