(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ ដើមសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP)។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំនៅក្រុងបាងកកនេះ នឹងធ្វើឡើងក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព»។ ការអញ្ជើញរបស់សម្តេចតេជោ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។

អញ្ជើញអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា ដោយទទួលស្គាល់នូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម UN-ESCAP បានគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាត ដោយផ្តោតជាសំខាន់ ទៅលើបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖