(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា គ.ស ២០១៩នេះយាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃនាព្រឹកថ្ងៃនេះ មានថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នរបស់ជាតិ ដូចជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងព្រះញាតិវង្សជាច្រើនអង្គផ្សេងទៀត។
ព្រះមហាក្សត្រខ្មែរនឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ទើបយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងបំពេញភារកិច្ចផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរក្នុងនាមជាប្រមុខរដ្ឋស្តីទីក្នុងកំលុងព្រះអវត្តមានរបស់ព្រះអង្គ។
សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គណៈកម្មាធិការមួយនេះបង្កើតឡើងដំបូងមានរយៈពេលតែ ១០ឆ្នាំប៉ុណ្ណោះ។ តែដោយមើលឃើញពីតួនាទីដ៏សំខាន់របស់គណៈកម្មាធិការមួយនេះក្នុងអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះ ទើបមានការបន្ថែមសុពលភាពរយៈពេល ១០ឆ្នាំចំនួនពីរដងទៀត។ ការបន្ថែមសុពលភាពចំនួនពីរដងនេះ មួយដងត្រូវបាន ធ្វើឡើងតាមរយៈ កិច្ចប្រជុំ នៅទីក្រុងប៉ារីស ថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០០៣ និងមួយដងទៀតធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល នៅប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣។
ICC-Angkor មានបារាំង និងជប៉ុន ជាសហប្រធាន, លេខាធិការដ្ឋានវិទ្យាសាស្រ្តអចិន្ត្រៃយ៍ ទទួលបន្ទុកដោយការិយាល័យតំណាង អង្គការយូណេស្កូប្រចាំព្រះ រាជាណាចក្រ កម្ពុជា និង អាជ្ញាធរជាតិអប្សរា តំណាងរាជរដ្ឋាភិបាលកម្ពុជា។
សមាជិក ICC-Angkor មានចំនួន៣៧ប្រទេស មកពី៥ទ្វីប និងមានអង្គការអន្តរជាតិចំនួន ១៣ទៀត។ ចំនួនអ្នកជំនាញបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor ក៏បានកើនឡើងជាលំដាប់ផងដែរ ពីចំនួន៥០នាក់ មកក្នុងចន្លោះ ៣៥០នាក់ នាពេលបច្ចុប្បន្ននេះ។
ICC-Angkor មានតួនាទី និងភារកិច្ចសំខាន់ក្នុងការស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាបអង្គរ។ ICC-Angkor បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរហើយ ក្នុងរយៈពេល១០ឆ្នាំ (១៩៩៣-២០០៤) ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០០៤ មកដល់បច្ចុប្បន្ន)។
សមិទ្ធផលសំខាន់ៗ ដែល ICC-Angkor សម្រេចបានក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះមានដូចជា៖ កិច្ចការជួសជុលប្រាសាទ និងអភិរក្សបេតិកភណ្ឌ, គម្រោងបណ្តុះបណ្តាលថែទាំប្រាសាទ ស្រាវជ្រាវ អភិវឌ្ឍ និងការចូលរួមរបស់ប្រជាពលរដ្ឋ, លើកតម្លៃរមណីយដ្ឋានអង្គរតាមរយៈក្រមប្រតិបត្តិអង្គរ, ការពង្រីកប្រព័ន្ធទូរគមនាគមន៍, បណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទ, សាងសង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និង សារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានីក្រោមជំនួយរបស់ជប៉ុន, សាងសង់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីអាគ្នេយ៍ ក្រោមកិច្ចសហការទន្លេមេគង្គ-គង្គា (MEKONG-GANGA COOPERATION-MGC) និងហិរញ្ញប្បទានឥតសំណងពីប្រទេសឥណ្ឌា, បន្តសិក្សានិងរៀបចំផែនការគ្រប់គ្រងទេសចរណ៍នៅអង្គរ(TMP) ដោយសហការជាមួយប្រទេសអូស្ត្រាលី, ការងារជួសជុល និងស្ថាបនាផ្លូវក្រោមជំនួយអន្តរជាតិ និងមានបដិភាគរបស់អាជ្ញាធរជាតិអប្សរា, ការងារតបណ្តាញអគ្គិសនី និងការថែទាំស្ទឹងសៀមរាប និងស្តារប្រព័ន្ធធារាសាស្រ្ត បង្ការទឹកជំនន់ជាដើម។
កាលពីចុងខែធ្នូ ឆ្នាំ២០១៨ ខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមនៅលើទឹកដីសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីអបអរសាទរនោះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO ផងដែរ។
ការរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ មានគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
* អបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក
* បង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ
* សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌
* បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា
* បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
* ផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕