(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសច្រានចោល ចំពោះសារព័ត៌មានទាំងឡាយដែលបានចុះផ្សាយថា ស្នងការក្រុងមានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយឡើយ។
ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការមានបំណងកែសម្រួល និងបំប៉នក្រុមអន្តរគមន៍ដែលមានស្រាប់ ឱ្យទៅជាក្រុមអន្តរាគមន៍ពិសេស ដោយក្រុមនេះ នឹងត្រូវទទួលវគ្គបំប៉នជំនាញបន្ថែមទាំងក្នុង និងក្រៅប្រទេស។
តាមរយៈ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបដិសេធទាំងស្រុង ចំពោះសារព័ត៌មានទាំងឡាយដែលចុះផ្សាយថាស្នងការក្រុង មានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយឡើយ»។
សូមជម្រាបថាថ្មីៗនេះ នៅក្នុងឱកាសជួបជាមួយប្រតិភូវៀតណាម ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើដល់ភាគីវៀតណាម ជួយរៀបចំបើកវគ្គសិក្សាសំខាន់ៗ សម្រាប់ក្រុមអន្តរាគមន៍ពិសេសមួយនេះផងដែរ៕