(ភ្នំពេញ)៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធម និងម្នាក់ទៀតបានរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាទៅធ្វើសក់ផាតមុខនៅផ្សារទួលពង្រ តែអកុសលត្រូវរថយន្តដឹកដីបើកបុកពីក្រោយ និងកិនពេញទំហឹង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេងតុង ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមសមត្ថកិច្ច បានប្រាប់ភ្នាក់ងារ Fresh News ដែលចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុថា សពស្ត្រីខាងលើមានឈ្មោះ រិន ធីតា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ (អ្នកជិះពីក្រោយ) និងអ្នករបួសឈ្មោះ រិន ស្រី ពេជ្រ ភេទស្រី អាយុ២៨ឆ្នាំ (អ្នកឌុប)។ អ្នកទាំងពីរមានស្រុកកំណើត នៅភូមិអញ្ជាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ប្រភពបន្តថា មុនពេលកើតហេតុអ្នកទាំងពីរបានជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA 4828 ឌុបគ្នាចេញពីផ្ទះទៅធ្វើសក់ និងផាត់មុខ ដើម្បីចូលរួមមង្គលការប្អូនជីដូនមួយ។
ខណៈកំពុងធ្វើដំណើរដល់ចំណុចកើតហេតុ ក៏មានភ្លៀងធ្លាក់ ពេលនោះមានរថយន្តដឹកដី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 3.3447 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនស៉ី ក៏ជ្រុលរអិលទៅបុកចំស្ត្រីទាំងពីរនាក់ កំពុងជិះម៉ូតូពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់កិនស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ និងម្នាក់ទៀតខ្ទាតទៅម្ខាងរងរបួសស្រាល ចំណែកតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបានស្រមោលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញ ចុះវាស់វែងអូសយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចធ្វើឯកសារ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕