(ភ្នំពេញ)៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿនវ៉ាជែងរថយន្តខាងមុខ ស្របពេលដែលរថយន្តហ៉ីយ៉ាន់ដាយ យីឌុបដឹកដី បើកស្របទិសជាន់ហ្វ្រាំងមិនទាន់ បុកពីក្រោយកិនស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២៖២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ច បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា អ្នកស្លាប់ឈ្មោះ ជា សារួន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស និងអ្នករបួសឈ្មោះ គឹម ម៉ៅ អាយុ២៣ឆ្នាំ ដោយអ្នកទាំងពីរស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4228 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង ក្នុងល្បឿនលឿន។

លុះដល់ចំណុចកើតហេតុ ក៏វ៉ាជែងរថយន្តខាងមុខ តែជាអកុសលស្របពេលដែលរថយន្ត ម៉ាកហ៉ីយ៉ាន់ដាយ យីឌុបដឹកដី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណក្នុងល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នា ដោយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយ និងកិនអូសយុវជនម្នាក់ជាង២០ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែងកើតហេតុ ហើយយុវជនម្នាក់ទៀត ត្រូវបានរងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសពយុវជនខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកវត្ថុតាងក្នុងករណីខាងលើ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង រងចាំដោះស្រាយជាក្រោយ៕