(ភ្នំពេញ)៖ «មន្ត្រីនៃប្រទេសមួយឃុបឃិតជាមួយបរទេស ដើម្បីបើកដៃឱ្យបរទេសលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន» គឺជាប្រធានបទដ៏រសើបមួយនៅសហភាពអឺរ៉ុប នៅពេលនេះ ក្រោយពីមានការបែកធ្លាយវីដេអូសម្ងាត់របស់លោក Heinz-Christian Strache ប្រធានគណបក្សស្តាំជាតិនិយមជ្រុល និងជាអនុអធិការបតីអូទ្រីស និយាយនៅឆ្នាំ ២០១៧ នៅមុនការបោះឆ្នោតជាតិថា «ខ្លួននឹងសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបើកផ្លូវឱ្យរុស្ស៊ីវាយលុកការរកស៊ីនៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែងឱ្យបក្សខ្លួនឈ្នះការបោះឆ្នោត»។
ជាសំណុំរឿងដែលនាំឱ្យមានភាពរង្គោះរង្គើក្នុងរដ្ឋាភិបាលអូទ្រីស រហូតដល់មានការលាលែងពីតំណែងរបស់អនុអធិការបតី និងរដ្ឋមន្ត្រីជាច្រើនរូប ហើយនឹងធ្វើការស៊ើបអង្កេត ទ្រង់ទ្រាយធំដើម្បីស្វែងរកការពិត។ សំណុំរឿងនេះបានធ្វើឱ្យមេដឹកនាំអឺរ៉ុបក្នុងនោះមានលោកស្រីអធិការបតីអាឡឺម៉ង់ អង់ហ្គាឡា ម៉ាកែល ព្រមានចំពោះអ្នកនយោបាយអឺរ៉ុប ទាំងអស់ថា រឿងអាស្រូវនៅអូទ្រីសនេះគឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ឱ្យប្រុងប្រយ័ត្ននិងកុំឱ្យលក់ក្បាលឱ្យប្រទេសផ្សេង ដែលគេចង់បំផ្លាញអឺរ៉ុប។
អ្វីដែលអឺរ៉ុបបាននិងកំពុងជួបពេលនេះ គឺដូចអ្វីដែលកម្ពុជាបានជួបកាលពីប៉ុន្មានឆ្នាំមុន ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយ កឹម សុខា និងទណ្ឌិត សម រង្ស៊ី បានលក់ក្បាលឱ្យបរទេស អនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ដើម្បីឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ និងបម្រើឱ្យភូមិសាស្ត្រនយោបាយចៅហ្វាយនាយបរទេសរបស់ពួកគេ។
ទោះបីជាពេលនេះហាក់ដូចជាលឿនពេកក្នុងការសន្និដ្ឋានថា នឹងមានអ្វីកើតឡើងចំពោះអតីតអនុអធិការបតី Heinz-Christian Strache និងមន្ត្រីបក្សស្តាំជាតិនិយមជ្រុល របស់គាត់នៅក្នុងសំណុំរឿងអាស្រូវនេះ ប៉ុន្តែក្តីព្រួយបារម្ភ ការថ្កោលទោស និងការខ្លាចបរទេសបំផ្លាញសហភាពអឺរ៉ុបទាំងមូល តាមរយៈការលូកដៃ កកូរកកាយក្នុងរឿងផ្ទៃ ក្នុងសហគមន៍មួយនេះពិតជាបាន និងកំពុងកើតមាននៅក្នុងសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្រចាក់ទឹកមិនលិចរបស់សហរដ្ឋអាមេរិក តាមរយៈមន្ត្រីរបស់ខ្លួនមួយចំនួនបានធ្វើការវាយប្រហារ និងព្រមានធ្ងន់ៗមកលើកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុង ការបង្ក្រាបនិងទប់ស្កាត់ផែនការបដិវត្តន៍ពណ៌អនុវត្តដោយគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងផ្នែកនយោបាយមួយ យ៉ាងសំខាន់ដែលបានទទួលបទបញ្ជា ការណែនាំ និងបង្ហាត់បង្រៀនដោយផ្ទាល់ពីបរទេស។ កឹម សុខា បាននិយាយដោយផ្ទាល់មាត់ដោយខ្លួនឯងក្នុងឃ្លីបវិដេអូនៅចុងឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថា ខ្លួនបានទទួលជំនួយពីសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរបបដឹកនាំនៅកម្ពុជា ដោយយកគំរូតាមបដិវត្តន៍នៅអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។
សំណុំរឿងឃុបឃិតជាមួយបរទេសរបស់កឹម សុខា ធ្ងន់ធ្ងរជាងអតីតអនុអធិការបតីអូទ្រីស Heinz-Christian Strache ប្រធានគណបក្សស្តាំជាតិនិយមជ្រុលទៅទៀត ព្រោះកឹម សុខា រួមនឹងគូកនរបស់ខ្លួនគឺ សម រង្ស៊ី មិនត្រឹមទទួល បានការគាំទ្រដោយផ្ទាល់ពីបរទេសទាំងការបណ្តុះបណ្តាល និងការរៀបចំនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយ ហិរញ្ញវត្ថុទេគឺ កឹម សុខា និងបក្ខពួកថែមទាំងបានយកអធិបតេយ្យជាតិទៅប្តូរនឹងជំនួយចំពោះ គណបក្សខ្លួន និងបានជាន់ឈ្លីលើឯករាជភាពជាតិខ្មែរ យកជាតិខ្មែរដាក់ក្រោម បាតជើងក្រុមជនបរទេសដើម្បីបង្កើនជំនឿទុកចិត្តមកលើខ្លួនថា ពួកគេពិតជាកញ្ជះដាច់ថ្លៃបរទេសមែន។ ពួកគេក៏បានអំពាវនាវឱ្យបរទេសក្នុងនោះមានទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកុំផ្តល់ជំនួយឱ្យកម្ពុជា កុំវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជាដែលនេះគឺជាការសម្លាប់សេដ្ឋកិច្ចជាតិ និងវាយបំបែកឆ្នាំងបាយកម្មករកម្មការិនី។ មិនតែប៉ុណ្ណោះ ពួកគេបានចំណាយលុយរាប់សិបម៉ឺនដុល្លារជួលក្រុមហ៊ុនបរទេស និងអ្នកកាសែតឱ្យធ្វើសកម្មភាព សរសេរអត្ថបទវាយប្រហារកម្ពុជា និងបំផ្លាញសេដ្ឋកិច្ចជាតិ។
កម្ពុជាពិតជាយល់ច្បាស់ពីអារម្មណ៍របស់សហភាពអឺរ៉ុបនៅពេលនេះដែលមានការភ័យខ្លាចចំពោះ ការជ្រៀតជ្រែករបស់បរទេស និងខ្លាចបរទេសបំផ្លាញសហភាពអឺរ៉ុប ពីព្រោះកម្ពុជាធ្លាប់ជួបប្រទះនឹងបញ្ហានេះដោយផ្ទាល់រួចហើយ។ កម្ពុជាមិនមែនត្រឹមតែជាជនរងគ្រោះនៃផែនការបដិវត្តន៍ពណ៌ទេ គំរាមកំហែងដល់សន្តិភាព និងការអភិវឌ្ឍទេ ប៉ុន្តែក្រោយពីបានទប់ស្កាត់ដោយជោគជ័យនូវផែនការទុច្ចរិតនេះ កម្ពុជា បានរងនូវការគំរាមកំហែង និងការដាក់ទណ្ឌកម្មនយោបាយ ទណ្ឌកម្មសេដ្ឋកិច្ចតាមរយៈការសម្រេចនីតិវិធី ដកប្រព័ន្ធអនុគ្រោះពន្ធ EBA លើទំនិញកម្ពុជាពីសំណាក់សហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកលើទំនិញកម្ពុយជា ព្រមទាំងការដាក់វិធានការផ្សេង ទៀត ដូចជាការមិនផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាល ការគំរាមបង្កកទ្រព្យសម្បត្តិប្រឆាំងនឹងមន្ត្រីកម្ពុជា និងការអន្តរាគមន៍ផ្សេងៗ។
ការដាក់សម្ពាធ និងចាត់វិធានការមួយចំនួនដែលសហភាពអឺរ៉ុបរួមនឹងសហរដ្ឋអាមេរិក ធ្វើឡើងដោយឈរតែលើមូលដ្ឋានរបាយការណ៍តែម្ខាង និងប្រកបដោយទុទិដ្ឋិនិយម លើកម្ពុជា និងការញុះញង់ មួលបង្កាច់របស់ក្រុមគណបក្សប្រឆាំងនិងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិមួយចំនួន ដែលបម្រើផលប្រយោជន៍បរទេស និងផែនការបដិវត្តន៍ពណ៌តែប៉ុណ្ណោះ។ មន្ត្រីនៃស្ថាប័នសហភាពអឺរ៉ុបមួយចំនួន មិនបានស្តាប់ការពន្យល់ ឬការបកស្រាយប្រកបដោយបំណងសុច្ចរិត និងភាពត្រឹមត្រូវយុត្តិធម៌របស់រដ្ឋាភិបាលកម្ពុជាឡើយ។
ពួកគេខ្លះធ្វើជាមិនឃើញនិងស្តាប់មិនឮនូវអ្វីដែលជាតថភាពពិតរបស់កម្ពុជា ដែលពោរពេញដោយប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងសេរីភាបបញ្ចេញមតិ និងធ្វើជាមិនឃើញនូវទង្វើជាន់ឈ្លីច្បាប់របស់ក្រុមប្រឆាំង។ ផ្ទុយទៅវិញ ពួកគេបានថ្កោលទោសកម្ពុជាដែលចាត់វិធានការប្រឆាំងនឹងបដិវត្តន៍ពណ៌ ចាប់មេក្លោងបដិវត្តន៍ពណ៌ កឹម សុខា ឃុំខ្លួននិងចោទប្រកាន់ និងការសម្រេចតាមផ្លូវច្បាប់រំលាយគណបក្សសង្គ្រោះជាតិ តាមសេចក្តីសម្រេចរបស់តុលាការកំពូល និងការដាក់បំរាមដល់ថ្នាក់ដឹកនាំជាសមាជិក គណអចិន្ត្រៃយ៍ និងគណៈកម្មការកណ្តាលគណបក្សសង្គ្រោះជាតិ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
បច្ចុប្បន្ននេះសហភាពអឺរ៉ុប បាននិងកំពុងអនុវត្តនីតិវិធីដកការអនុគ្រោះពន្ធកលើទំនិញកម្ពុជា ហើយតំណាងរាស្ត្រមួយចំនួនរបស់អាមេរិកក៏កំពុងតែដាក់សេចក្តី ស្នើច្បាប់ដាក់សម្ពាធលើកម្ពុជា។
តាមរយៈបទពិសោធនិងរឿងអាស្រូវនៅប្រទេសអូទ្រីស ពលរដ្ឋកម្ពុជាជឿជាក់ថា ថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប ហើយជាពិសេសអ្នកនយោបាយស្ត្រី ២រូបគឺលោកស្រី ស៊ីស៊ីលយ៉ា ម៉ាស្រូម (Cecilia Malmstrom) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប និងលោកស្រី ហ្វេដឺរីកា ម៉ូហ្គឺរីនី (Federica Mogherini) អនុប្រធានសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងមន្ត្រីរបស់ខ្លួន ដែលកំពុងតែខិតខំកសាងកេរ្តិ៍ឈ្មោះ តាមរយៈការគំរាមកំហែងបង្ហាញសាច់ដុំនយោបាយរបស់ខ្លួន ផ្តួចផ្តើមឱ្យមានការដាក់សម្ពាធនយោបាយ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA លើទំនិញកម្ពុជា ក្រោមការញុះញង់របស់ក្រុមមន្ត្រីខ្មោចគណបក្សសង្គ្រោះជាតិ គិតពិចារណាឡើងវិញ និងយល់ពីតម្លៃនៃការការពារប្រឆាំង នឹងការលូកដៃជ្រៀតជ្រែករបស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា និងសារៈសំខាន់ដែលកម្ពុជាហ៊ានលះបង់សព្វបែបយ៉ាង ទោះក្នុងតម្លៃណាក៏ដោយដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយលំបាកជាទីបំផុតនេះ។
តាមរយៈប្រសាសន៍របស់លោកស្រីអធិការបតីអាឡឺម៉ង់ អង់ហ្គាឡា ម៉ាគែលថាមិនឱ្យអ្នកនយោបាយអឺរ៉ុបលក់ក្បាលឱ្យបរទេសសហភាពអឺរ៉ុបក៏ដូចជា សហរដ្ឋអាមេរិកនឹងយល់កាន់តែច្បាស់ថាហេតុអ្វីបានជាកម្ពុជាហ៊ានវាយខ្នោះចាប់ប្រធានគណបក្សប្រឆាំងនៅពាក់កណ្តាលអធ្រាត? ក៏ព្រោះតែដើម្បីការពារនូវអធិបតេយ្យភាពជាតិ និងឯករាជ្យជាតិរបស់កម្ពុជា និង ជាពិសេសការពារថែរក្សាសន្តិភាព សុខសុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ពលរដ្ឋកម្ពុជា។
បទពិសោធនៅប្រទេសអូទ្រីសពេលនេះបានបង្ហាញថា កម្ពុជាបានដើរលើផ្លូវត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការជ្រៀតជ្រែករបស់បរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងបាន ធ្វើឱ្យបដិវត្តន៍ពណ៌ដែលមានសហរដ្ឋអាមេរិកគាំទ្រ និងតែងតែទទួលជ័យជម្នះនៅក្នុងការអនុវត្តនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងនៅមជ្ឈឹមបូព៌ា ឥឡូវនេះបានស្គាល់នូវបរាជ័យយ៉ាងអាម៉ាស់ និងបានផ្តល់ឱកាសឱ្យអ្នកប្រវត្តិសាស្ត្រ អាចអង្គុយសរសេរពីបរាជ័យនៃបដិវត្តន៍ពណ៌នេះបាន។
មន្ត្រីនៃសហភាពអឺរ៉ុប គួរតែរៀនពីបទពិសោធដែលប្រទេសអូទ្រីស បាននិងកំពុងជួបប្រទះ ហើយគួរងាកមកពង្រឹងបញ្ហាផ្ទៃក្នុងរបស់ខ្ហួនជាជាងការប្រើឥទ្ធិពលខុស និងដោយសារតែការញុះញង់របស់ក្រុមអ្នកនយោបាយក្បត់ជាតិ មួយចំនួនសម្រេចចិត្តខុសដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដែលស្មើនឹងការបំផ្លាញនូវសមិទ្ធផលរបស់សហ ភាពអឺរ៉ុបជាង២០ឆ្នាំកន្លងមកក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងការសម្រេចចិត្តនយោបាយខុស ដែលដាក់សម្ពាធមកលើកម្ពុជាដែលគ្រាន់តែចាត់វិធាន ការចាំបាច់ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកបរទេស និងប្រឆាំងនឹងការបំផ្លាញជាតិតាមរយៈបដិវត្តន៍របស់ក្រុមអ្នកនយោបាយលក់ក្បាលឱ្យបរទេស។
អ្វីដែលបាននិងកំពុងតែកើតនៅក្នុងប្រទេសអូទ្រីសនិយាយដោយឡែក និងក្នុងសហភាពអឺរ៉ុបនិយាយជារួមបានបង្ហាញថា សហភាពអឺរ៉ុបបានក្លាយខ្លួនជា «គីង្គក់លក់ថ្នាំស្រែង» នៅក្នុងសំណុំរឿងឃុបឃិតជាមួយបរទេស និងជាការអនុវត្តនូវស្តង់ដារពីរចំពោះកម្ពុជា។ កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវឡើយគឺ ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងមិនយកអធិបតេយ្យភាព និងឯករាជភាពជាតិដូរជាមួយជំនួយ ឬជាថ្នូរនឹងអ្វីមួយឡើយ។ កម្ពុជាធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន!។
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩